ពាក់ព័ន្ធបញ្ហានេះមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកសិកម្មកំពុងធ្វើលើកិច្ចការងារនេះ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវ ដែលកំពុងមានការធ្លាក់ចុះ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរតែទម្លាក់កញ្ចប់ថវិកាជួយប្រមូលទិញស្រូវពីកសិករ ដ្បិតវាជាវិធីសាស្ត្រមួយ ដែលមានប្រសិទ្ធភាពខ្ពស់។ សម្រាប់អ្នកជំនាញរូបនេះ ការទម្លាក់ថវិកាគួរធ្វើឡើងដោយសមភាព និងចំគោលដៅ ដើម្បីជៀសវាងកុំឱ្យមានការកេងប្រវ័ញ្ចពីវិធានការនេះ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះបានផ្តល់ជាគំនិតថា នៅតាមបណ្ដាខេត្តដែលមានទិន្នផលស្រូវច្រើន រដ្ឋគួរចាប់ដៃជាមួយវិស័យឯកជនវិនិយោគលើការបង្កើតប្រព័ន្ធស្តុកស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករពេលមានការធ្លាក់ថ្លៃម្តងៗ។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម សង្កេតឃើញថា ថ្មីៗនេះវិស័យឯកជនបានជួយប្រមូលទិញស្រូវពីកសិករជាបន្តបន្ទាប់តាមលិទ្ធភាពរៀងៗខ្លួន តែយ៉ាងណារដ្ឋាភិបាលគួរតែដាក់ចេញវិធានការបន្ថែមទៀតតាមរយៈការទម្លាក់ថវិកា ដើម្បីជួយប្រមូលទិញស្រូវពីកសិករយកស្ដុកទុក ដើម្បីជួយសម្រាលគ្នាជាមួយវិស័យឯកជន។ សម្រាប់អ្នកជំនាញរូបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគួរតែដាក់ចេញគោលនយោបាយដល់រដ្ឋបាលនៅតាមខេត្តនីមួយៗ តាមរយៈផ្ដល់ថវិកាដល់រដ្ឋបាលខេត្តបង្កើតប្រព័ន្ធស្តុកទុកស្រូវគ្រាន់ជួយប្រមូលទិញស្រូវពីកសិករនៅពេលជួបវិបត្តិណាមួយ។
ជាមួយគ្នានេះ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មគ្រោងស្នើឱ្យរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាតម្លៃស្រូវ ដែលកំពុងមានការធ្លាក់ចុះ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅក្នុងឆ្នាំនេះក្រសួងបានទម្លាក់ថវិកាឱ្យរោងម៉ាស៊ីនកិនស្រូវចំនួន២លើករួចមកហើយក្នុងទំហំ៣០លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករ។ ថវិកានេះជាការបន្ថែមលើថវិការាប់រយលានដុល្លារ ដែលរដ្ឋាភិបាលបានបញ្ចេញនាពេលកន្លងមក ដើម្បីជួយទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យស្រូវអង្ករឱ្យមានស្ថិរភាពនៅលើទីផ្សារ។
បើតាមហាងឆេងរបស់ឈ្មួញកណ្តាលដែលប្រមូលទិញស្រូវពីកសិករ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវស្រងែស្រាលនៅខេត្តបាត់ដំបង ត្រូវបានឈ្មួញទិញចូលចន្លោះពី៥៥០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម ខណៈស្រូវអូអឹម មានតម្លៃជាង៦៤០រៀលទៅ៦៦០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយពិបាកក្នុងការផ្តល់ប្រាក់ចំណេញដល់កសិករ៕
អត្ថបទ៖ ជា ម៉ារ៉ា