រ៉ែមាស

អ្នកជំនាញរំពឹងវិស័យរ៉ែមាស នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត


ស្របពេលមាសបានក្លាយជាឧបករណ៍ដ៏មានសុវត្ថិភាព ហើយត្រូវបានធនាគារធំៗនៅលើពិភពលោកទិញស្តុកទុកយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចរំពឹងថា វិស័យចម្រាញ់រ៉ែមាសនៅកម្ពុជានឹងក្លាយជាចលករដ៏សំខាន់មួយក្នុងការរួមចំណែកជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នាពេលអនាគត។
រ៉ែមាស
ដោយ

ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជានឹងទទួលបានចំណូលជាថវិកាជាតិ ប្រមាណជាង១​៥០០លានដុល្លារពីគម្រោងរុករក និងចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី រ៉ឺណេសង់ (Renaissance) ដែលប្រតិបត្តិការនាពេលបច្ចុប្បន្ន និងរយៈពេល១៥ឆ្នាំទៅមុខនៅខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ បន្ទាប់ពីក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងវិនិយោគធនធានរ៉ែចំនួន២បន្ថែមទៀត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ក្រោមសកម្មភាពវិនិយោគ និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន តាមរយ:ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបរទេស ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគធនធានរ៉ែ ចំនួន២បន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនផលិតមាសនាំមុខគេនៅកម្ពុជា កំពុងដំណើរការនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី និង​កំពុងអភិវឌ្ឍគម្រោងនៅតំបន់មេមត់ ខេត្តត្បូងឃ្មុំ។ បើតាមថ្នាក់ដឹកនាំរូបនេះ កិច្ចព្រមព្រៀងបន្ថែមនេះនឹងអនុញ្ញាតឱ្យគម្រោងនៅតំបន់អូខ្វាវកាន់តែមានភាពស៊ីជម្រៅជាងមុន ដែលនឹងរំពឹងអាចបង្កើតចំណូលបានប្រមាណ១០០០លានដុល្លារចូលថវិកាជាតិ ដែលរាប់បញ្ចូលទាំងសួយសារ និងពន្ធដារ។ ដោយឡែក សម្រាប់គម្រោងនៅតំបន់​មេមត់ ត្រូវបានរំពឹងថា នឹងអាចផលិតមាសបានជាង២៦តោន នៅរយៈពេល៧ឆ្នាំ និងអាចរកចំណូលបានប្រមាណ៥៨៣លានដុល្លារចូលថវិកាជាតិ។

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគាំទ្រយ៉ាងខ្លាំងចំពោះការពង្រីកគម្រោងវិនិយោគបន្ថែមលើផលិតកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissanc នៅកម្ពុជា ដែលនឹងជួយជំរុញការបង្កើនចំណូលចូលជាតិ បង្កើនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សផងដែរ។ យ៉ាងណាមិញ ចំពេលដែលមាសកំពុងមានទីផ្សារខ្ពស់នៅលើពិភពលោក អ្នកជំនាញរូបនេះ ជំរុញឱ្យកម្ពុជា ធ្វើយ៉ាងណាទាក់ទាញការវិនិយោគបរទេសលើវិស័យនេះបន្ថែមទៀត និងរំពឹងថា នាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជា ក៏អាចមានលទ្ធភាពវិនិយោគដោយផ្ទាល់លើផលិតកម្មរ៉ែមាស ដើម្បីទាញយកប្រយោជន៍បានកាន់ខ្ពស់ពីវិស័យនេះសម្រាប់គាំទ្រប្រភពទុនបម្រុងរបស់ខ្លួន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្របពេលដែលបច្ចុប្បន្នកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសជិតខាង វាក៏ដល់ពេលដែលកម្ពុជា ត្រូវទាញប្រយោជន៍ពីធនធានរ៉ែ ដើម្បីយកទៅពង្រឹងសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជា ផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ក្រៅពីបង្ហាញថា កម្ពុជា ជាទីតាំងដែលមានទំនុកចិត្តខ្ពស់លើការវិនិយោគក្នុងវិស័យរ៉ែ វាក៏បានជំរុញឱ្យវិស័យរ៉ែរបស់កម្ពុជា ក្លាយទៅជាវិស័យដ៏មានសក្តានុពលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ នាពេលអនាគត បន្ថែមទៅលើវិស័យសេដ្ឋកិច្ចប្រពៃណីរបស់កម្ពុជា។ អ្នកជំនាញរូបនេះបានបន្ថែមថា ស្របពេលដែលមាសត្រូវបានគេទទួលស្គាល់ថា ជាទ្រព្យសកម្មដ៏មានសុវត្ថិភាពខ្ពស់របស់ធនាគារកណ្តាលនានា លើពិភពលោក ហើយកម្ពុជា កំពុងអភិវឌ្ឍន៍លើវិស័យរ៉ែមាសរបស់ខ្លួន ដូច្នេះកម្ពុជា មានសក្តានុពលខ្ពស់ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួនជាប្រទេសដែលមានមូលដ្ឋានក្នុងការគាំទ្រទុនបម្រុងជាតិ បង្កើនស្ថិរភាពសាច់ប្រាក់ និងលើកកម្ពស់ភាពធន់ នៃសេដ្ឋកិច្ចជាតិរបស់ខ្លួន។

​គួរជម្រាបថា ក្រោយដំណើរការផលិតកម្មរ៉ែមាសនៅតំបន់អូខ្វាវ ខេត្តមណ្ឌលគិរី ចាប់តាំងពីឆ្នាំ២០២១មក ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួនជាង១៦តោន និងបានផ្តល់ចំណូលសួយសារជូនរដ្ឋសរុបជាង២៧លានដុល្លារ និងចំណូលសារពើពន្ធជាង៩៩លានដុល្លារ​៕




អត្ថបទបន្ទាប់


អ្នកជំនាញជឿថា ពន្ធគយរបស់លោក ត្រាំ នឹងពិបាកលុបចោលវិញណាស់

អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) ជឿជាក់ថា ពន្ធគយដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិប…

តើក្រសួងមហាផ្ទៃ គួររៀបចំច្បាប់ទម្លាប់បែបណា ក្រោយកើតមានករណីអ្នកកាសែតបៀតបៀនជនសង្ស័យជាជនជាតិវៀតណាម?

ក្រោយវីដេអូជនសង្ស័យជានារីវៀតណាម ដែលរងការរំលោភបំពានពាក្យសម្តី និងកាយវិការពីអ្នកកាសែតអនឡាយពីររូបក្នុងអំឡុងបេសកកម្មចុះបង្រ្កាបបទល្មើសរំដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ