
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា តម្លៃមាសលើទីផ្សារអន្តរជាតិត្រូវបានជួញដូរក្នុងតម្លៃ ៣,២២៥ដុល្លារក្នុង១អោន ឬប្រមាណ៣,៨៨៥ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារប្រទេសកម្ពុជា ដែលតម្លៃនេះបានធ្លាក់ចុះជាង១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃមាសដែលលក់ចេញមុនពេលសហរដ្ឋអាម៉េរិក និងចិនបានសម្រេចបញ្ចុះពន្ធបដិការចំនួន១១៥%រៀងៗខ្លួនសម្រាប់រយៈពេល៩០ថ្ងៃ។ ស្របពេលមានការបញ្ចុះពន្ធបដិការរវាងអាម៉េរិក និងចិន គួបផ្សំតម្លៃប្រាក់ដុល្លារអាម៉េរិកនៅតែរក្សាបានស្ថិរភាពល្អប្រសើរ អ្នកជំនាញរូបនេះវាយតម្លៃថា តម្លៃមាសអាចនឹងធ្លាក់ចុះបន្ថែមទៀតមកនៅចន្លោះពី៣,៧៥០ ទៅ៣,៧៧០ដុល្លារក្នុង១តម្លឹងនាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គល បានឱ្យដឹងថា តម្លៃហាងឆេងមាសនៅហាងរបស់លោកបានធ្លាក់ចុះខ្លាំងដល់ប្រមាណជាង៣,៩០០ដុល្លារក្នុង១តម្លឹង នៅព្រឹកថ្ងៃទី១៣ ឧសភានេះ ដោយបានធ្លាក់ចុះជាង១០០ដុល្លារក្នុង១តម្លឹង ធៀបនឹងតម្លៃខ្ពស់បំផុតកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែបានឡើងមកវិញបន្តិច ប្រមាណ៤០ដុល្លារក្នុង១តម្លឹងនៅរសៀលថ្ងៃដដែលនេះ។ ជាការកត់សម្គាល់របស់ម្ចាស់ហាងលក់មាសរូបនេះ តម្លៃមាសតែងឡើងចុះក្នុងរង្វង់ប្រមាណ១០០ដុល្លារក្នុង១តម្លឹងនៅមួយរយៈពេលចុងក្រោយនេះ។
យ៉ាងណាមិញលោក ឡុង សំណាង មានសុទិដ្ឋិនិយមខ្ពស់ថា នៅចុងឆ្នាំ២០២៥ នេះ តម្លៃមាសនឹងបន្តកើនឡើងខ្ពស់មកវិញដោយសារតែនៅពេលសម្ពាធពន្ធធ្លាក់ចុះ នោះអត្រាអតិផរណានៅអាម៉េរិកនឹងធ្លាក់ចុះដូចគ្នាដែរ ដែលអាចជំរុញឱ្យធនាគារកណ្តាលសហរដ្ឋអាម៉េរិកកាត់បន្ថយអត្រាការប្រាក់ ដែលអាចធ្វើឱ្យលុយដុល្លារអាម៉េរិកធ្លាក់ថ្លៃ ហើយតម្លៃមាសនឹងកើនឡើងមកវិញ។ ម្យ៉ាងទៀត កាលណាបញ្ហាសង្រ្គាមភូមិសាស្ត្រនយោបាយនៅតែបន្តកើតមាន ធនាគារកណ្តាលនៅតាមបណ្តាប្រទេសនានានៅតែបន្តទិញមាសទុកសម្រាប់ធ្វើទុនបង្រុងរបស់ខ្លួន នោះតម្លៃមាសនៅតែបន្តកើនឡើង ស្របពេលដែលវិនិយោគិន និងធនាគារធំៗបានងាកមកវិនិយោគលើមាស ដែលជាឧបករណ៍មួយមានសុវត្ថិភាពខ្ពស់ក្នុងការវិនិយោគ។
សូមជម្រាបថា តម្លៃហាងឆេងមាសនៅកម្ពុជា និងលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះខ្លាំងគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ក្រោយលោក ដូណាល់ ត្រាំ វិលមកគ្រប់គ្រងសេតវិមានសហរដ្ឋអាម៉េរិកជាថ្មី ដែលធ្វើឱ្យទីផ្សារក្នុងវិស័យផ្សេងៗនៅលើពិភពលោករងការរង្គោះរង្គើក្រោមគោលនយោបាយពន្ធបដិការរបស់លោក៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ