លោកស្រី វ៉ាសាណា ណានួម បានទម្លាយថា ទោះបីជាយោធាថៃ មិនបានប្រកាសសង្គ្រាមជាផ្លូវការជាមួយកម្ពុជាក៏ដោយ តែឥរិយាបថរបស់ថៃ ក្នុងគ្រានេះ បានបង្ហាញយ៉ាងច្បាស់ក្រឡែត ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។ យោធាថៃ បានបើកប្រតិបត្តិការយោធាមកលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ដោយបានប្រើយន្តហោះចម្បាំង F-16 ចូលកម្ទេចគោលដៅតាំងពីព្រឹកព្រលឹម។ ការវាយប្រហារតាមផ្លូវអាកាសនេះ មានឈ្មោះថា “Surprise Attack” ឬការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ដោយយន្ដហោះចម្បាំង F-16 បានហោះឡើងតាំងពីព្រលឹម និងបានផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការហោះប្រតិបត្តិការ ១លើក២គ្រឿង មកជា១លើក ៦គ្រឿង ដើម្បីបែងចែកទីតាំងវាយកម្ទេចយ៉ាងឆាប់រហ័ស ដោយសារតែមានការវាយតម្លៃថា កាំភ្លើងធំ BM21 ដ៏មានអានុភាពរបស់កម្ពុជាអាចនឹងបាញ់សន្ធាប់នៅពេលទៀបភ្លឺជំនួសឱ្យការបាញ់នៅពេលយប់។
លោកស្រី វ៉ាសាណា បានបញ្ជាក់ថា ការសម្រេចចិត្តបើកឆាកប្រយុទ្ធលើកនេះ គឺជាមតិរួមគ្នារបស់គ្រប់ស្ថាប័នក្នុងប្រទេសថៃ ទាំងនាយករដ្ឋមន្ត្រី អានុទីន រដ្ឋមន្ត្រីការពារជាតិ មេបញ្ជាការទាំង៣កងទ័ព (គោក-ទឹក-អាកាស) និងអ្នកនយោបាយប្រឆាំងផងដែរ។ ទាំងអស់គ្នាយល់ស្របរួមគ្នាថា ត្រូវតែចាត់ការការប្រយុទ្ធលើកនេះឱ្យចប់ស្រេច ដែលកត្តានេះហើយ ទើបនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែង អានុទីន បានប្រកាសបិទការចរចាជាមួយកម្ពុជា និងប្រទេសផ្សេងៗ ហើយក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក៏បើកភ្លើងបៃតងសម្រាប់កិច្ចប្រតិបត្តិការយោធានេះដែរ។
អ្នកវិភាគផ្នែកយោធារូបនេះបានទម្លាយថា ថៃ បានបើកប្រតិបត្តិការសឹក ដំណាលគ្នា៣សមរភូមិ គឺយោធភូមិភាគ២ យោធភូមិភាគ១ និងកងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី-ត្រាតសម្រាប់កងទ័ពជើងទឹក ដើម្បីបំបែកកម្លាំងកម្ពុជា ដែលប្រមូលផ្ដុំគ្នា។ ក្រៅពីនេះលោក អានុទីន ថែមទាំងចេញបញ្ជានៅក្នុងអង្គប្រជុំ ឱ្យកងទ័ពថៃ វាយដណ្ដើមយកដែនដី និងប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា មកវិញឱ្យអស់ទៀតផង។ គោលដៅនៃការវាយប្រហារខាងយោធា រួមមាន កាស៊ីណូនៅក្នុងទឹកដីកម្ពុជា ឃ្លាំងអាវុធ និងទីតាំងបន្ទាយទាហាន ប៉ុន្ដែការវាយប្រហាររបស់ថៃ ក៏បានរីករាលដាលដល់ទីតាំងជនស៊ីវិលរបស់កម្ពុជា ជាច្រើនកន្លែងផងដែរ។
ពាក់ព័ន្ធនឹងផលប៉ះពាល់ក្នុងប្រតិបត្តិការ Surprise Attack អ្នកសារព័ត៌មានជើងចាស់ជំនាញផ្នែកយោធារូបនេះបាននិយាយថា ទោះជាការប្រើយន្តហោះចម្បាំង F-16 ហាក់មានប្រៀបលើការវាយប្រហារមែន តែប្រទេសថៃ អាចនឹងមានឈ្មោះអាក្រក់លើឆាកអន្តរជាតិ ដោយសារតែសារព័ត៌មានអន្តរជាតិ ជាច្រើនបានរាយការណ៍ថា ប្រទេសថៃ បានប្រើយន្តហោះចម្បាំង F-16 វាយប្រហារលើកម្ពុជា ដែលជាប្រទេសមានទំហំ និងសេដ្ឋកិច្ចតូចជាងខ្លួន។ លើសពីនេះ អ្នកជំនាញរូបនេះ បានព្រមានទៀតថា ប្រទេសថៃ អាចនឹងត្រូវប្រឈមមុខនឹងសម្ពាធពីអន្តរជាតិ ជាពិសេសអាម៉េរិក ដែលអាចមានអារម្មណ៍បាក់មុខដោយសារថៃ រំលោភលើសន្ធិសញ្ញាអូតាវ៉ា និងអាចមានការដាក់សម្ពាធមកលើប្រទេសថៃ តាមវិធីផ្សេងៗដូចជាលែងលក់គ្រឿងបន្លាស់យន្តហោះ F-16 ឱ្យជាដើម៕
អត្ថបទ សួន ឡង់ទី