ស្ថានភាពនេះទាមទារឱ្យកម្ពុជាត្រូវតែពង្រឹងវិស័យការពារជាតិ សាមគ្គីភាពផ្ទៃក្នុង និងយុទ្ធសាស្ត្រការទូត ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមចិត្តសាស្ត្រ ក៏ដូចជាការគំរាមកំហែងនានាតាមខ្សែបន្ទាត់ព្រំដែន។ តើក្រុមអ្នកជំនាញមានការវិភាគស៊ីជម្រៅជុំវិញបញ្ហានេះយ៉ាងណាខ្លះ?
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានលើកឡើងថា ការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃម្ដងហើយម្ដងទៀតនេះ ថៃមិនមែនគ្រាន់តែចង់បង្វែរស្ថានការណ៍ផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមហិច្ចតាចង់ដណ្ដើមទឹកដីខ្មែរតជំនាន់ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ថៃកំពុងជំរុញឱ្យកម្ពុជាឆ្លើយតបដោយកម្លាំងបាយ ហើយថៃនឹងប្រើកម្លាំងទ័ពវាយដណ្ដើមកាន់កាប់ទឹកដីកម្ពុជាបន្ថែមទៀត ដែលទាមទារឱ្យកម្ពុជាត្រូវតែពង្រឹងវិស័យការពារជាតិឱ្យបានខ្លាំង ក៏ដូចជាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ថៃកំពុងមានវិបត្តិអស្ថិរភាពនយោបាយដែលអំណាចមួយភាគធំស្ថិតលើដៃយោធា និងកំពុងជួបវិបត្តិសេដ្ឋកិច្ច។ តែទោះជាយ៉ាងណា លោកបណ្ឌិតយល់ថា បញ្ហាជម្លោះផ្ទៃក្នុងរបស់ថៃគ្រាន់តែជាវាំងននមួយបាំងមហិច្ចតាចង់លេបត្របាក់យកទឹកដីខ្មែរប៉ុណ្ណោះ។
ជាមួយគ្នានេះលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ភាគីថៃកំពុងធ្វើគ្រប់រូបភាព ដើម្បីបង្វែរស្ថានការណ៍ឱ្យមហាជនថៃងាកទៅចាប់អារម្មណ៍បញ្ហាព្រំដែនជាមួយកម្ពុជាជំនួសឱ្យបញ្ហាផ្ទៃក្នុងថៃ តែយ៉ាងណាកងកម្លាំងកម្ពុជាត្រូវតែត្រៀមខ្លួនជានិច្ចក្នុងការទប់ស្កាត់រាល់សកម្មភាពឈ្លានពានរបស់ថៃ។ អ្នកជំនាញរូបនេះថា ភាពតានតឹងនៅតាមព្រំដែនតាមរយៈសកម្មភាពថៃធ្វើដោយឯកតោភាគីដូចជាសាងសង់របងព្រំដែន រូបព្រះពុទ្ធបដិមា និងហេដ្ឋារចនាសមព័ន្ធផ្លូវថ្នល់នេះ ថៃហាក់កំពុងប្រើសង្គ្រាមចិត្តសាស្រ្ត។ យ៉ាងណាមិញអ្នកជំនាញយល់ថា កម្ពុជាត្រូវតែប្រមូលទុកភស្តុតាងជុំវិញសកម្មភាពរបស់ថៃកំពុងធ្វើនៅលើទឹកដីខ្មែរទាំងខុសច្បាប់ និងពង្រឹងយុទ្ធសាស្រ្តការទូត ដើម្បីឆ្លើយតបទៅភាគីថៃវិញ។
ដោយឡែកលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាចាត់ទុកសកម្មភាពរាយបន្លាលួស និងបោះបង្គោលរបស់យោធាថៃជាការរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងគឃ្លើន ស្របពេលដែលកម្ពុជាកំពុងប្រកាន់ខ្ជាប់នូវការអត់ធ្មត់កម្រិតខ្ពស់ ដើម្បីចៀសវាងការផ្ទុះអាវុធ។ យ៉ាងណាមិញ លោក បានសម្តែងការកោតសរសើរចំពោះកងកម្លាំងជួរមុខរបស់កម្ពុជា ដែលបានបង្ហាញភាពអង់អាច និងម៉ឺងម៉ាត់ក្នុងការប្រឈមមុខផ្ទាល់ជាមួយយោធាថៃ ដោយគ្មានការរុញរានៅតាមតំបន់ព្រំដែនដ៏ក្តៅគគុកនេះ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែបន្តដោះស្រាយបញ្ហានេះ ដោយឈរលើគោលការណ៍ច្បាប់ និងយន្តការអន្តរជាតិដែលមានស្រាប់។
គួរបញ្ជាក់ថា យោធាថៃបានចូលមករាយបន្លាលួស និងធ្វើការសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់នៅពីរបីថ្ងៃចុងក្រោយនេះ ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរបានឡើងកម្តៅជាថ្មី។ បើទោះបីជាសារព័ត៌មានថៃ Khaosod English បានចុះផ្សាយដោយដកស្រង់សំដីអាជ្ញាធរថៃថា ចំណាត់ការរាយបន្លាលួសនៅតំបន់មុំ៣ក្នុងខេត្តព្រះវិហារ ធ្វើឡើងក្នុងគោលបំណងការពារខ្លួន និងរក្សាសណ្តាប់ធ្នាប់តាមព្រំដែនក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី។ កម្ពុជាបដិសេធដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែន ដោយជំនួសមកវិញនូវការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា