វិស័យកសិកម្ម

វិស័យកសិកម្មត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ០,៩% នៅឆ្នាំនេះ តែអ្នកជំនាញថាកំណើនគួរមានលើសពី១%


វិស័យកសិកម្មនៅតែជាចន្ទល់ដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២៦ បន្ទាប់ពីវិស័យឧស្សាហកម្ម និងសេវាកម្ម។ វិស័យកសិកម្មកម្ពុជាត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាបការព្យាករមកនៅរង្វង់ ០,៩% នៅឆ្នាំនេះ ទាបជាងអត្រាកំណើនកាលពីឆ្នាំមុនដែលមានក្នុងរង្វង់ ១,១%។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការព្យាករនេះ ស្របពេលកម្ពុជា ជាប្រទេសផលិត និងនាំចេញកសិផលដ៏ធំមួយនៅក្នុងតំបន់?
វិស័យកសិកម្ម
ដោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៦ របស់ខ្លួនបានបន្ទាប់ការព្យាករកំណើនក្នុងវិស័យកសិកម្មមកនៅត្រឹម ០,៩% នៅឆ្នាំនេះ ទាបជាងតួលេខកាលពីឆ្នាំមុនដែលមានក្នុងរង្វង់ ១,១%។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចនៅតែចាត់ទុកវិស័យជាចន្ទល់ដ៏សំខាន់ក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦។

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មមួយរូបបានចាត់ទុកការព្យាករកំណើនក្នុងវិស័យកសិកម្មត្រឹមរង្វង់ ០,៩% នៅឆ្នាំនេះ ហាក់មិនសមស្របនោះទេ ពោលគឺវិស័យនេះ គួរតែមានកំណើនលើសពី១%។ ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះយល់ឃើញថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កសិករ និងសហគ្រាសកែច្នៃក្នុងវិស័យនេះ គឺបានបង្ហាញកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ទាំងទៅលើទំហំនៃការដាំដុះ និងបរិមាណនាំចេញ។ បើតាមអ្នកជំនាញរូបនេះ វិស័យកសិកម្មកម្ពុជា នៅតែបន្តជួបបញ្ហាប្រឈមមួយចំនួន រាប់ចាប់តាំងពីបញ្ហាពូជដំណាំ បច្ចេកទេសដាំដុះ ការកែច្នៃ និងអស្ថិរភាពតម្លៃជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការព្យាករកំណើនរបស់វិស័យកសិកម្មក្នុងកម្រិត ០,៩% ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ នៅឆ្នាំនេះ គឺបានបង្ហាញពីស្ថិរភាព និងគុណភាពនៃសេដ្ឋកិច្ចក្នុងបរិបទ នៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលកំពុងពង្រីកយ៉ាងឆាប់រហ័សទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ តែយ៉ាងណា អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលល្អច្រើនទៅលើកំណើននៃការនាំចេញអង្ករ និងកសិផលសំខាន់​ៗជាច្រើនទៀត ព្រមទាំងការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងការលើកកម្ពស់ការកែច្នៃជាដើម។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវិស័យដំណាំត្រូវបានរំពឹងថា អាចមានកំណើនថមថយយឺតជាងការរំពឹងទុកបន្តិច ដោយសារកម្មវិបាកនៃការធ្លាក់ចុះថ្លៃកសិផលក្នុងឆ្នាំ២០២៥ មកលើកម្លាំងផលិតកម្មក្នុងឆ្នាំ២០២៦ ជាពិសេសលើមុខទំនិញសំខាន់​ៗ ដូចជា ស្រូវ ពោត និងដំឡូងមីជាដើម ប៉ុន្តែអនុវិស័យនេះ ក៏នៅតែរក្សាបានកំណើនវិជ្ជមាន ដែលបន្តគាំទ្រដោយការបន្តលើកកម្ពស់ការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម។

ទន្ទឹមនេះ អនុវិស័យចិញ្ចឹមសត្វ ត្រូវបានរំពឹងថា នឹងបន្តងើបវិញបណ្តើរៗ ដោយសារបច្ច័យនៃវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើការនាំចូលសាច់បង្កក និងបទប្បញ្ញត្តិពាក់ព័ន្ធ គួបផ្សំនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក អនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោមការរំពឹងទុកពីកំណើនផលចាប់ទឹកសាប ដោយសារការបន្តអនុវត្តគោលនយោបាយបង្ក្រាបបទល្មើសនេសាទ ស្របពេលដែលការវិនិយោគក្នុងវារីវប្បកម្មត្រូវបានរំពឹងថានឹងងើបសន្សឹមៗ៕

អត្ថបទ សោម ស្រីពេជ្រ ​




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក សម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យថ្មីដែលជាអគារផ្ទាល់ខ្លួន

ថ្ងៃទី ១៦ មករា ២០២៦ ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក បានរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យថ្មីដែលជាអគារផ្ទាល់ខ្…

តើអនុសញ្ញា UNCLOS អាចជួយការពារដែនសមុទ្រកម្ពុជា បានកម្រិតណាក្នុងករណីមានការឈ្លានពាន?

រដ្ឋសភា នៅថ្ងៃទី១៦ ខែមករា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី នីតិសមុទ្រ (UNCLOS) ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ