ចំណេញមូលធន

អ្នកជំនាញស្នើឱ្យរដ្ឋពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះវិស័យមួយចំនួន ដែលកំពុងជួបការលំបាក


រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តការយកពន្ធលើចំណេញមូលធនក្នុងអត្រា២០% ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ បន្ទាប់ពីបានពន្យារពេលអនុវត្តជាបន្តបន្ទាប់អស់ជាច្រើនឆ្នាំកន្លងមកនេះ។ អ្នកជំនាញយល់ឃើញថា ការចាប់ផ្តើមអនុវត្តការយកពន្ធលើចំណេញមូលធនឡើងវិញនេះ គឺសមស្របទៅនឹងស្ថានភាពនៃដំណើរការអាជីវកម្មធំៗក្នុងវិស័យមួយចំនួន ដែលកំពុងចាប់ផ្តើមមានស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែរដ្ឋគួរបន្តអនុគ្រោះការយកពន្ធនេះចំពោះវិស័យមួយចំនួនដែលកំពុងជួបការលំបាក ដូចជា SME និងអចលទ្រព្យជាដើម។
ចំណេញមូលធន
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការបង់ពន្ធជូនរដ្ឋជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់នៅកម្ពុជា ដើម្បីឱ្យរដ្ឋមានប្រាក់ចំណូលសម្រាប់យកទៅអភិវឌ្ឍហេដ្នារចនាសម្ព័ន្ធ និងបម្រើសេវាកម្មផ្សេងៗជូនដល់ប្រជាពលរដ្ឋ។ ដូច្នេះការអនុវត្តការពន្ធលើចំណេញមូលធនក្នុងអត្រា២០% ចាប់ពីឆ្នាំក្រោយ វាជារឿងចាំបាច់ ដ្បិតថា បច្ចុប្បន្នដំណើរការអាជីវកម្មក្នុងវិស័យមួយចំនួនហាក់ចាប់ផ្តើមមានស្ថានភាពល្អប្រសើរឡើងវិញទាំងក្នុងវិស័យហិរញ្ញវត្ថុ ឧស្សាហកម្ម និងដឹកជញ្ជូនជាដើម។ ប៉ុន្តែអ្នកជំនាញរូបនេះយល់ឃើញថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន រាជរដ្ឋាភិបាល គួរបន្តអនុគ្រោះការយកពន្ធលើប្រាក់ចំណេញមូលធនចំពោះសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងការបន្តអាជីវកម្មបានប្រសើជាងមុន។

ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការចាប់ផ្តើមអនុវត្តយកពន្ធលើចំណេញមូលធនក្នុងអត្រា២០% ចាប់ពីឆ្នាំក្រោយតទៅនេះ វាអាចនឹងបង្កជាបញ្ហាប្រឈមថែមមួយកម្រិតទៀតសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងជួបការលំបាកស្រាប់ ដ្បិតថា អ្នកវិនិយោគក្នុងវិស័យនេះបច្ចុប្បន្នពុំទាន់អាចទទួលបានប្រាក់ចំណេញមូលធននោះទេ។ ម្យ៉ាងវិញទៀត វាកាន់តែប៉ះពាល់ខ្លាំងទៅដល់អ្នកវិនិយោគ ដែលមិនមានឯកសារបញ្ជាក់ច្បាស់លាស់អំពីប្រាក់ចំណេញ ឬខាតរបស់ខ្លួន ដែលជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារត្រូវដកយកប្រាក់ចំណេញមូលធនចំនួន២០% ដោយស្វ័យប្រវត្តិតែម្តង។ សម្រាប់អ្នកជំនាញរូបនេះក្នុងស្ថានភាពដ៏លំបាករបស់វិស័យនេះបច្ចុប្បន្ន រាជរដ្ឋាភិបាល គួរតែពន្យារពេលអនុវត្តការយកពន្ធនេះលើវិស័យអចលទ្រព្យប្រមាណ២ទៅ៣ឆ្នាំបន្ថែមទៀត ដើម្បីផ្តល់ឱកាសរីកចម្រើនសម្រាប់វិស័យនេះ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តការយកពន្ធលើចំណេញមូលធនចំពោះទ្រព្យចំនួន៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញារូបិយប័ណ្ណបរទេស និងអចលនទ្រព្យដំណាលគ្នា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ពន្ធលើចំណេញមូលធនមានវិសាលភាពកំណត់ការយកពន្ធលើចំណេញមូលធនចំពោះតែរូបវន្តបុគ្គលនិវាសនជន និង អនិវាសនជនក្នុងអត្រា២០% នៃចំណេញមូលធន៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


កម្ពុជានឹងដាក់ឱ្យដំណើរការយន្តហោះ C909 ផលិតដោយក្រុមហ៊ុនចិន នៅពាក់កណ្តាលឆ្នាំក្រោយ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia) នឹងដាក់បញ្ចូលយន្តហោះរបស់ក្រុមហ៊ុនសាជីវកម្មចិន COMAC ប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរ…

ម៉ាឡេស៊ីនឹងបន្តរឹតបន្តឹងការនាំចេញរ៉ែកម្រ ទោះបានចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអាម៉េរិក

ស្របពេលប្រទេសជាច្រើនត្រូវបានសហរដ្ឋអាម៉េរិក តាមចែចូវទិញយករ៉ែកម្រ ប្រទេសម៉ាឡេស៊ីឯណោះវិញ នៅតែបន្ដប្រកាន់ខ្ជាប់នូវគោលការណ៍ហាមប្រាមការនាំចេញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ