លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្ម បានលើកឡើងថា ប្រទេសវៀតណាម មានគោលនយោបាយធ្វើពិពិធកម្ម ដោយបង្វែរពីការដាំដុះដំណាំមានតម្លៃទាបទៅដាំដុះដំណាំមានតម្លៃខ្ពស់យូរមកហើយដូចជាកាត់បន្ថយដាំដុះដំណាំស្រូវមកផ្តោតលើការដាំផ្លែឈើ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នកម្ពុជា មានទាំងដំណាំមានតម្លៃខ្ពស់ និងតម្លៃទាប ប៉ុន្តែនៅខ្វះអ្នកជួយប្រមូលទិញ រោងចក្រកែច្នៃវេចខ្ចប់ និងនាំចេញ ដើមទុនដែលមានអត្រាការប្រាក់ទាប និងបច្ចេកទេសប៉ុណ្ណោះ។ ជាមួយគ្នានេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលជួយដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់កសិករបន្ថែមទៀតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកជាចម្ងល់ថា កម្ពុជា មានដីកសិកម្មដ៏សម្បូរ ហេតុអ្វីនៅតែនាំចូលបន្លែ និងសាច់ពីក្រៅប្រទេសមកផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដែលនេះជាការធ្វើឱ្យបាត់បង់ចំណែកទីផ្សាររបស់កសិករ។ បញ្ហានេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចដោយសារការធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលនៅតែមិនទាន់អាចឆ្លើយតបនឹងវិស័យកសិកម្ម។ អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលត្រូវតែមានខែលការពារ ឬគោលនយោបាយគាំពារដល់កសិករដាំស្រូវ និងដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីធានាថា សក្តានុពលផលិតកម្មក្នុងស្រុកមិនត្រូវបានលេបត្របាក់ដោយទំនិញនាំចូល។
ជាមួយគ្នានេះលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយ បានចាត់ទុកការរៀបចំគោលនយោបាយកសិកម្ម គឺជារឿងដែលចាំបាច់សម្រាប់កម្ពុជា ដើម្បីជំរុញការដាំដុះនូវដំណាំដែលមានសក្ដានុពលខ្ពស់ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាគួរតែរៀបចំផែនការបែងចែកដីធ្វើកសិកម្មឱ្យបានច្បាស់លាស់ និងគួរផ្ដោតលើការដាំដំណាំមានតម្លៃខ្ពស់ដូចជាទុរេន កាហ្វេ និងម្រេចជាដើម។
គួររំលឹកថា គោលដៅមហិច្ឆតារបស់រដ្ឋាភិបាលក្នុងគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ គឺចង់រុញកម្ពុជា ឱ្យជាប់ឈ្មោះជាប្រទេសផលិតកសិកម្មកំពូលទាំង១០របស់ពិភពលោក។ ដើម្បីសម្រេចបាននូវក្តីស្រមៃនេះ ការធ្វើទំនើបកម្មខ្សែច្រវាក់តម្លៃ ការវិនិយោគសាធារណៈ និងការកែទម្រង់ស្ថាប័ន គឺជាគន្លឹះគ្រឹះដែលមិនអាចខ្វះបាន ដើម្បីនាំកម្ពុជាឆ្ពោះទៅរកប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ ជា ម៉ារ៉ា