
តែទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញទំនិញរបស់ថៃ នៅតែបន្តហូរចូល និងមានដាក់លក់នៅលើទីផ្សារកម្ពុជា ដែលកត្តានេះធ្វើឱ្យមហាជនចំនួនមានការព្រួយបារម្ភចំពោះគុណភាពរបស់ផលិតផលថៃ ក្នុងការធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ដែលបន្តប្រើប្រាស់ផលិតផលថៃ។ តើកម្ពុជា គួរបិទការនាំចូលទំនិញដែលមានប្រភពមកពីថៃ ឬយ៉ាងណា?
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា ការដាក់សារធាតុគីមីក្នុងទំនិញរបស់ថៃ ដើម្បីបំផ្លាញសុខភាពអ្នកប្រើប្រាស់នឹងមិនអាចមានការកើតឡើងនោះទេ ដោយសារអ្នកផលិតត្រូវការរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលរបស់ពួកគេ។ បន្ថែមលើនេះ ពួកគេក៏ត្រូវអនុវត្តតាមគោលការណ៍ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ ស្នើឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ចបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យគុណភាពទំនិញរបស់ថៃ ដែលមាននៅក្នុងទីផ្សារកម្ពុជា ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ លោកបណ្ឌិត គាំទ្រឱ្យពលរដ្ឋរួមគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ដើម្បីឈានទៅលុបបំបាត់ផលិតផលថៃនៅលើទីផ្សារកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទំនិញរបស់ថៃនៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជា បើទោះបីជាច្រកទ្វារព្រំដែនគោកនៃប្រទេសទាំងពីរត្រូវបានបិទទាំងស្រុងក៏ដោយ ។ បើតាមអ្នកជំនាញរូបនេះ ការមាន ឬមិនមានទំនិញរបស់ថៃ នៅកម្ពុជា គឺអាស្រ័យលើតម្រូវការក្នុងស្រុក ពោលគឺប្រសិនបើពលរដ្ឋខ្មែរនៅតែបន្តប្រើប្រាស់ នោះទំនិញរបស់ថៃ នឹងនៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជា ដែលវាជាកត្តាសត្យានុម័ត។
ពាក់ព័ន្ធការព្រួយបារម្ភផលិតផលថៃ មានផ្ទុកសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា អាចដោយសារតែពួកគេបារម្ភពីកលល្បិចរបស់ថៃ ដែលកំពុងមានជម្លោះជាមួយកម្ពុជា។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា បញ្ហាទំនិញរបស់ថៃ អាចមានលាយបញ្ចូលសារធាតុគ្រោះថ្នាក់ដល់សុខភាព ឬយ៉ាងណានោះ គឺរំពឹងលើអាជ្ញាធរមានសមត្ថកិច្ចដែលមានភារកិច្ចទទួលខុសត្រូវទៅលើការត្រួតពិនិត្យគុណភាពទំនិញ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យរដ្ឋាភិបាលបង្កើនការរឹតបន្តឹងការទទួលខុសត្រូវរបស់សមត្ថកិច្ច និងត្រួតពិនិត្យគុណភាពទំនិញនាំចូលឱ្យបានត្រឹមត្រូវ ដើម្បីបង្ការកំហុសជាយថាហេតុ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មកដល់ពេលនេះ អាជ្ញាធរកំពុងអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល លើការហាមឃាត់ទំនិញប្រភេទប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើ ខណៈទំនិញផ្សេងក្រៅពីនេះពុំទាន់ទទួលបានគោលការណ៍ត្រូវហាមឃាត់នោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ មកទល់ពេលនេះ កម្ពុជា នៅតែគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងអន្តរជាតិនានា។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរពាក់ព័ន្ធមានវិធានការច្បាស់លាស់ក្នុងការត្រួតពិនិត្យលើទំនិញនាំចូលតាមច្រកទ្វារព្រំដែននានា ពោលគឺក្នុងករណីមានការសង្ស័យលើទំនិញណាមួយនោះអាជ្ញាធរនឹងយកសំណាកទំនិញនោះមកពិសោធន៍ភ្លាមៗតែម្ដង
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំ២ពាន់៤រយលានដុល្លារមានការថយចុះ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ៤៨៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១,៩១១លានដុល្លារ។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា