វិស័យថាមពល

អ្នកជំនាញព្រមានថា តម្លៃប្រេងនឹងហក់ដល់កម្រិតអាក្រក់បំផុតដូចការគំរាមរបស់អ៊ីរ៉ង់ បើភាគីជម្លោះបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ កំពុងស្ថិតនៅលើគន្លងឆ្ពោះទៅរកតម្លៃដ៏ថ្លៃបំផុតមិនធ្លាប់មាន ពោលគឺអាចឡើង២០០ដុល្លារក្នុងមួយបារ៉ែល។ ក្រុមអ្នកវិភាគទីផ្សារបានព្រមានថា ប្រសិនបើភាគីជម្លោះនៅតែបន្តតម្រង់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅក្នុងតំបន់មជ្ឈិមបូព៌ា នោះតម្លៃប្រេងនឹងហក់ឡើងដល់កម្រិត ដែលអាក្រក់បំផុតដូចការព្រមានរបស់អ៊ីរ៉ង់ជាក់ជាមិនខាន។ ជាក់ស្តែងតម្លៃប្រេងឆៅបានហក់ឡើងដល់១១៩ដុល្លារក្នុង១បារ៉ែលភ្លាមៗក្រោយអ៊ីស្រាអែលបើកការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី១៩ ខែមីនា។
វិស័យថាមពល
ដោយ

សារព័ត៌មាន Euro News បានរាយការណ៍ថា តម្លៃប្រេងឆៅបានហក់ឡើងដល់១១៩ដុល្លារក្នុង១បារ៉ែល កាលពីថ្ងៃទី១៩ ខែមីនា ដែលកម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទោះជាយ៉ាងណា ក្រោយមានការអន្តរាគមន៍ តម្លៃនេះបានធ្លាក់ចុះមកនៅត្រឹម១១៤ដុល្លារវិញក្នុងមួយបារ៉ែល។ ការហក់ឡើង នៃតម្លៃប្រេងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារលើរោងចក្រថាមពលដ៏សំខាន់របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកលើប្រភពថាមពលនៅប្រទេសកាតា។

ទីក្រុងតេអេរ៉ង់ បានព្រមានថា ខ្លួននឹងលែងមានការអត់ធ្មត់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនត្រូវបានវាយប្រហារម្តងទៀត។ អ៊ីរ៉ង់ បានគំរាមថា បើខ្លួននៅតែរងគ្រោះ នោះហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ក៏នឹងលែងមានសុវត្ថិភាពដូចគ្នាដែរ។

ប្រធានទីភ្នាក់ងារថាមពលកាតា លោក សាអាដ អាល់ កាអាប៊ី (Saad Al-Kaabi) បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឱ្យកាតាខាតបង់ចំណូលប្រមាណ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលទៅកាន់តំបន់អឺរ៉ុប និងអាស៊ី។ លោកបានបញ្ជាក់ទៀតថា តំបន់ South Pars របស់អ៊ីរ៉ង់ ដែលអ៊ីស្រាអែលបានវាយប្រហារនោះ គឺជាប្រភពផលិត និងផ្គត់ផ្គង់ឧស្ម័នប្រហែល២០% ទៅកាន់ពិភពលោក។

អ្នកជំនាញរូបនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយលោកមិននឹកស្មានថា តំបន់ផលិតកម្មថាមពលនៅមជ្ឈិមបូព៌ាត្រូវរងការវាយប្រហារបែបនេះឡើយ ជាពិសេសពីសំណាក់ប្រទេសអ៊ិស្លាមក្នុងអំឡុងខែរ៉ាម៉ាដននេះ។ លោកបន្ថែមថា ការខូចខាតនៅ South Pars អាចតម្រូវឱ្យអ៊ីរ៉ង់ចំណាយថវិកាប្រមាណ២៦ពាន់លានដុល្លារ និងប្រើពេលពី១០ ទៅ២០ឆ្នាំ ដើម្បីស្តារឡើងវិញ។

ជុំវិញភាពតានតឹងនេះលោក ចាស៊ឹម ម៉ូហាម៉េដ អាល់ប៊ូដៃវី (Jasem Mohamed Albudaiwi) អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានថ្កោលទោសថា ការវាយប្រហាររបស់អ៊ីរ៉ង់ លើហេដ្ឋារចនាសម្ព័ន្ធថាមពលបានបង្ហាញពីចរិតលក្ខណៈឈ្លានពាន និងការមិនអើពើចំពោះសន្តិសុខ ស្ថិរភាពតំបន់ និងពិភពលោកទាំងមូល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញហាក់គ្មានជំនឿលើរដ្ឋាភិបាលថៃថ្មីក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា នោះទេ

វិវាទព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈភាគីថៃ ត្រូវបានគេមើលឃើញថា បានព្យាយាមពន្យារពេលការចរចាទ្វេភាគីក្នុងកា…

ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មព្រមានថា ប្រទេសនានានឹងបង្កើតច្បាប់ពាណិជ្ជកម្មផ្ទាល់ខ្លួន បើអង្គការពាណិជ្ជកម្មពិភពលោកមិនធ្វើកំណែទម្រង់

ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសនានា បានព្រមានថា ប្រសិនបើប្រទេសនានា មិនអាចឈានដល់ការឯកភាពគ្នាលើការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WT…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ