លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ឯកសារដែលបារាំង ត្រៀមផ្តល់ជូនកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ គឺជាឯកសារប្រវត្តិសាស្ត្រ និងជាឯកសារផ្លូវច្បាប់ដ៏មានតម្លៃខ្ពស់។ ឯកសារទាំងនេះ អាចជាមូលដ្ឋានសំខាន់ សម្រាប់កម្ពុជា យកទៅប្រើប្រាស់នៅលើវេទិកាអន្តរជាតិ។
ទោះជាយ៉ាងណា លោកបណ្ឌិត គិន ភា បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនឱ្យមានប្រសិទ្ធភាព មិនអាស្រ័យតែភស្តុតាងផ្នែកច្បាប់តែមួយផ្នែកប៉ុណ្ណោះទេ ប៉ុន្តែត្រូវការឆន្ទៈនយោបាយ និងភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការពីភាគីថៃ ផងដែរ។ សង្កេតមើលលើបទពិសោធកន្លងមក លោក គិត ភា យល់ឃើញថា ភាគីថៃ ហាក់មិនទាន់បង្ហាញឆន្ទៈពេញលេញ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា តាមផ្លូវច្បាប់អន្តរជាតិឡើយ។
លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សា អមរិន្ទ បានលើកឡើងថា ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា ដែលបារាំងនឹងផ្តល់ជូន គឺជាភស្តុតាងបន្ថែមដ៏រឹងមាំ រួមមានផែនទីព្រំដែនរវាងប្រទេសទាំងពីរ ក្នុងមាត្រដ្ឋាន ១ លើពីរយពាន់ និងកិច្ចព្រមព្រៀងបារាំង–សៀម ដែលធ្លាប់មានពីមុនមក។
ទោះជាយ៉ាងណា លោក សុខ សំអឿន បញ្ជាក់ថា ទោះមានភស្តុតាងគ្រប់គ្រាន់ក៏ដោយ ភាគីថៃ នៅតែអាចបដិសេធ ឬគេចវេសមិនទទួលស្គាល់បានដដែល។ ទី១ ប្រើកម្លាំងទ័ពវាយដណ្ដើមយកទឹកដីមកវិញ និងមួយទៀត គឺត្រូវបន្ដប្រើប្រាស់យន្តការអន្តរជាតិ ដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បន្តទៅទៀត ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ ជា ម៉ារ៉ា