ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតដល់ដើមឆ្នាំ២០២៦ នេះ ស្ថាប័នយោធាដ៏មានអំណាចបំផុតរបស់ចិន គឺគណៈកម្មាធិការយោធាមជ្ឈិម បានធ្លាក់ចូលទៅក្នុងព្យុះនយោបាយយ៉ាងធ្ងន់ធ្ងរ។ បើយោងតាមរបាយការណ៍ផ្ទៃក្នុង ក្នុងចំណោមសមាជិកកំពូល៧រូប គឺមានរហូតដល់៥រូបហើយត្រូវបានដកតំណែង និងកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងពីបទប្រព្រឹត្តអំពើពុករលួយ និងការមិនស្មោះត្រង់នឹងបក្ស។
តើចំណាត់ការនេះមានន័យយ៉ាងណាសម្រាប់កោះតៃវ៉ាន់? ឆ្លើយតបនឹងសំណួរនេះលោក ណែល ថូម៉ាស់ (Neil Thomas) អ្នកស្រាវជ្រាវផ្នែកនយោបាយចិននៅ Asia Society បានលើកឡើងថា នៅពេលដែលជួរមេទ័ពកំពូលៗកំពុងមានភាពច្របូកច្របល់ នៅក្នុងរយៈពេលខ្លីនេះចិននឹងមិនហ៊ានប្រថុយប្រថានធ្វើសង្គ្រាមទ្រង់ទ្រាយធំឡើយ។ នេះគឺជាឱកាសមាសសម្រាប់តៃវ៉ាន់ ក្នុងការដកដង្ហើម និងពង្រឹងការការពារខ្លួន។
ទោះយ៉ាងណាក៏ដោយ ការរុះរើក្បាលម៉ាស៊ីនដឹកនាំយោធានេះ អាចបង្កហានិភ័យសម្រាប់កោះតៃវ៉ាន់ ក្នុងរយៈពេលវែង ព្រោះវិធានការនេះអាចជួយបង្កើតកងទ័ព ដែលមានតែភាពស្មោះត្រង់បំផុតចំពោះលោក ស៊ី ជីនពីង។ គោលដៅចុងក្រោយ នៃកងទ័ពដ៏ស្មោះត្រង់ និងមានសមត្ថភាពនេះ គឺការបង្ខំឱ្យទីក្រុងតៃប៉ិ ចុះចូល និងបង្កើតរបងការពារយ៉ាងរឹងមាំ ដើម្បីរារាំងរាល់ការលូកដៃជ្រៀតជ្រែកពីសំណាក់សហរដ្ឋអាម៉េរិក។
ដោយឡែក លោកស្រី អាម៉ាន់ដា ហ្សាវ (Amanda Hsiao) អ្នកជំនាញកិច្ចការចិននៅ Eurasia បានលើកឡើងថា យុទ្ធនាការបន្សុទ្ធនយោបាយរបស់លោក ស៊ី ជាការបង្កើនប្រសិទ្ធភាពយោធា ដើម្បីឱ្យចិន អាចទទួលបានជោគជ័យក្នុងប្រតិបត្តិការនាពេលអនាគតនានា ដូចជាការបង្ខំឱ្យតៃវ៉ាន់រួបរួមជាមួយប្រទេសចិន៕
ដោយៈ សរ សុជាតិ