កង្វះធនធានមនុស្ស

អ្នកជំនាញបារម្ភពីកង្វះធនធានមនុស្ស និងនីតិវិធីស្មុគស្មាញធ្វើឱ្យកម្ពុជាបាត់ឱកាសក្នុងការស្រូបទាញក្រុមហ៊ុនចិន ដែលបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា


ក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កម្ពុជាកំពុងមានឱកាសខ្ពស់ក្នុងការស្រូបទាញលំហូរទុនវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិន ក្រោយដំណើរទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិនថ្មីៗនេះ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញយល់ឃើញថា ដើម្បីប្រែក្លាយឱកាសនេះទៅជាផ្លែផ្កាជាក់ស្តែង រដ្ឋាភិបាលកម្ពុជាត្រូវតែប្រញាប់ប្រញាល់ពន្លឿនកំណែទម្រង់នីតិវិធីរដ្ឋបាល លុបបំបាត់បញ្ហាលុយក្រោមតុ អភិវឌ្ឍន៍ធនធានជំនាញ និងបង្កើនការបង្ក្រាបបទល្មើសអនឡាញ ដើម្បីកសាងទំនុកចិត្ត
កង្វះធនធានមនុស្ស
ដោយ

តើកម្ពុជាត្រូវរៀបចំផ្ទះយ៉ាងដូចម្តេច ដើម្បីទាក់ទាញការវិនិយោគ?
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមចាត់ទុកប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រ និងជាប្រភពទុនដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់ជាជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទានជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនលើកនេះ នឹងអាចទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់ចិនឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ តែទោះជាយ៉ាងណាអ្នកជំនាញរូបនេះមើលឃើញថា កម្ពុជាហាក់នៅមានចំណុចអវិជ្ជមានមួយចំនួនដែលត្រូវកែសម្រួលដូចជាការកាត់បន្ថយនីតិវិធីអន្តរក្រសួងដែលជាន់គ្នា លុបបំបាត់លុយក្រោមតុ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យត្រូវនឹងតម្រូវការជាដើម។
ស្រដៀងគ្នានេះលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច ក៏បានយល់ស្របដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិនលើកនេះ គឺជារបត់ដ៏សំខាន់ក្នុងការស្រូបទាញអ្នកវិនិយោគចិន។ ប៉ុន្តែអ្វីដែលអ្នកជំនាញរូបនេះបារម្ភនោះ គឺសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ព្រោះក្រុមហ៊ុនចិនដែលកំពុងសម្លឹងមើលឱកាសនៅកម្ពុជានាពេលនេះសុទ្ធសឹងជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ជាពិសេសគឺផ្នែកបញ្ញាសិប្បនិម្មិត (AI) តែម្តង។
ជាមួយគ្នានេះលោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាកត់សម្គាល់ឃើញថា កន្លងមកឱ្យលឺឈ្មោះក្រុមហ៊ុនចិនគេតែងផ្តោតអារម្មណ៍ទៅរកវិស័យកាស៊ីណូ និងល្បែងអនឡាញ ដែលធ្វើឱ្យមហាជន និងអ្នកវិនិយោគហាក់មានការព្រួយបារម្ភ។ តែទោះជាយ៉ាងណាក៏ដោយ លោក យល់ថា ដើម្បីអាចទាក់ទាញក្រុមហ៊ុនធំៗឱ្យមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន ទាមទារឱ្យកម្ពុជាត្រូវបង្កបរិយោកាសអំណោយផលលើផ្នែករដ្ឋបាលជាមុនសិន ដូចជាកែសម្រួលនីតិវិធីក្នុងការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មកុំឱ្យមានភាពស្មុគស្មាញពេក និងការត្រួតពិនិត្យការអនុឡោមតាមច្បាប់របស់កម្ពុជាជាដើម។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសចិនចន្លោះពីថ្ងៃទី១៥-១៧ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគរបស់ចិនជាច្រើន ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែបានបង្ហាញពីបំណងចង់ពង្រីក និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះនៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៦ ខែកក្កដា លោក លី ឈាង នាយករដ្ឋមន្ត្រីចិនបានបញ្ជាក់ប្រាប់ សម្តេចធិបតី ថា រដ្ឋាភិបាលចិននឹងជំរុញឱ្យសហគ្រាសធំៗដែលមានសមត្ថភាពខ្ពស់មកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន លើវិស័យថាមពលថ្មី បច្ចេកវិទ្យា AI សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មទំនើប។ ដូច្នេះកូនសោរគន្លឹះ គឺស្ថិតនៅលើដៃកម្ពុជាផ្ទាល់ថាតើអាចរៀបចំផ្ទះខ្លួនឯងឱ្យមានរបៀបរៀបរយ តម្លាភាព និងត្រៀមធនធានមនុស្សចេះប្រើបច្ចេកវិទ្យា AI ឱ្យទាន់ពេលវេលា ដើម្បីទទួលភ្ញៀវទាំងនេះបានកម្រិតណា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចិនបង្កើនការដាក់ពង្រាយមនុស្សយន្តនៅក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីជំរុញផលិតភាព

ចិននៅពេលនេះកំពុងត្រូវបានពិភពលោកមើលឃើញថា ជាមហាអំណាចបច្ចេកវិទ្យាឈានមុខគេ ដែលបាន និងកំពុងសម្រេចផលិត ព្រមទាំងដាក់ពង្រាយមនុស្សយន្ត (Robot…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ