
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ផលិតផលកង់របស់កម្ពុជា ទទួលបានការស្រូបទាញយ៉ាងខ្លាំងពីទីផ្សារអឺរ៉ុប កាលពីអំឡុងឆ្នាំ២០២០ ហើយបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន។ តែយ៉ាងណាអ្នកជំនាញរូបនេះសង្កេតឃើញថា ការនាំចេញផលិតផលនេះនៅឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានតម្រូវការខ្ពស់ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលមានគោលដៅប្រើប្រាស់កង់ ដើម្បីចូលរួមកាត់បន្ថយបញ្ហាការប្រែប្រួលអាកាសធាតុ គួរផ្សំផលិតផលកង់របស់កម្ពុជាមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការកើនឡើងការនាំចេញកង់ និងគ្រឿងបង្គុំអេឡិចត្រូនិករបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ៩ខែកន្លងមកនេះ គឺដោយសារអ្នកបញ្ជាទិញបង្វែរមកបង្កើនការបញ្ជាទិញទំនិញទាំងនេះពីកម្ពុជា ព្រោះទំនិញរបស់កម្ពុជា មានគុណភាពល្អ និងតម្លៃសមរម្យ។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា គួរពង្រីកការនាំចេញកង់ និងផលិតផលគ្រឿងបង្គុំអេឡិចត្រូនិកទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីទប់ស្តាត់ការប្រែប្រួលតម្រូវការទីផ្សារ និងបង្កើនការប្រកួតប្រជែង។
គួរជម្រាបថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ការនាំចេញកង់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៤៤៨លានដុល្លារ កើនឡើងជាង៤៣% ខណៈការនាំចេញផលិតផលគ្រឿងបង្គុំអេឡិចត្រូនិកសម្រេចបានទឹកប្រាក់ជាង៦៥៩លានដុល្លារកើនឡើងជាង៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕