ជារៀងរាល់ព្រឹកគេសង្កេតឃើញទិដ្ឋភាពដ៏ចម្លែកមួយបានកើតឡើងនៅក្នុងទីក្រុងក្វាងចូវ គឺថៅកែរោងចក្រ និងម្ចាស់សិប្បកម្មរាប់រយនាក់បាននាំគ្នាឈរតម្រង់ជួរតាមដងផ្លូវយ៉ាងកុះករ ដើម្បីជ្រើសរើសកម្មករឱ្យមកធ្វើការនៅក្រុមហ៊ុន និងរោងចក្ររបស់ខ្លួន។ នៅក្នុងដៃរបស់ពួកគេម្នាក់ៗមានកាន់គំរូសម្លៀកបំពាក់ ដែលត្រូវផលិត និងស្លាកប្រកាសផ្ដល់ការងារ ដើម្បីបង្ហាញទៅកាន់កម្មករ ដែលដើរកាត់ទៅមកតាមផ្លូវដែលពួកគេកំពុងឈរ។ តាមរយៈទិដ្ឋភាពនេះបានបង្ហាញថា កម្មករជាអ្នកជ្រើសរើសថៅកែ មិនមែនថៅកែជ្រើសរើសកម្មករនោះទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺប្រាក់ខែដែលពួកគេផ្ដល់ឱ្យខ្ពស់ហួសពីការស្មាន ដោយកម្មករដែលមានជំនាញច្បាស់លាស់ និងស្នាដៃល្អអាចទទួលបានប្រាក់ខែរហូតដល់ជាង១,៤០០ដុល្លារអាមេរិកក្នុង១ខែឯណោះ។
ការប្រកួតប្រជែងដណ្ដើមយកកម្លាំងពលកម្មនេះ កើតឡើងដោយសាររោងចក្រទាំងអស់កំពុងសម្រុកផលិតទំនិញឱ្យទាន់តាមកិច្ចសន្យា បន្ទាប់ពីការឈប់សម្រាករយៈពេលវែងបានបញ្ចប់។ ទិដ្ឋភាពនេះបានក្លាយជាមេរៀនថ្មីមួយ នៃសេដ្ឋកិច្ច ដែលបង្ហាញថា នៅពេលតម្រូវការទីផ្សារឡើងខ្ពស់ ជំនាញ គឺជាអំណាចពិតប្រាកដ ដែលអាចឱ្យកម្មករមានសិទ្ធិចរចា និងជ្រើសរើសថៅកែបានតាមចិត្តចង់៕
អត្ថបទៈ សួន ឡង់ទី