វិស័យធនាគារ

តើគ្រួសារយុទ្ធជនពលី និងរងរបួសក្នុងបុព្វហេតុជាតិគួរទទួលបានការលុបបំណុលពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬយ៉ាងណា?


ការប្រយុទ្ធទប់ទល់ដ៏អង់អាចរបស់កងទ័ពកម្ពុជាពីភាពឈ្លានពានរបស់កងទ័ពថៃនៅខ្សែបន្ទាត់ព្រំដែនបានធ្វើឱ្យយុទ្ធជនពលី និងរងរបួសទាំងសងខាង។ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុជឿជាក់ថា ក្នុងចំណោមគ្រួសាររបស់យុទ្ធជនពលី និងរងរបួសក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិទាំងនោះអាចនឹងមានគ្រួសារមួយចំនួនកំពុងជាប់ជំពាក់បំណុលជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ តើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុគួរលុបបំណុលដល់គ្រួសារយុទ្ធជនពលី និងរងរបួសធ្ងន់ធ្ងរក្នុងបុព្វហេតុការពារជាតិឬយ៉ាងណា?
វិស័យធនាគារ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា បណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុគួរពិចារណាលើកលែង ឬការអនុគ្រោះកម្រិតណាមួយដល់គ្រួសារយុទ្ធជនពលី និងរងរបួសក្នុងបុព្វហេតុជការពារបូរណភាពទឹកដីពីការឈ្លានដោយកងទ័ពថៃ។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះស្ថិតក្នុងស្ថានភាពនេះ រដ្ឋាភិបាល មិនត្រូវមើលរំលងលើបញ្ហានេះនោះទេ ហើយគួរតែដាក់ចេញគោលនយោបាយណាមួយក្នុងការជួយដល់គ្រួសារយុទ្ធជនពលី និងរងរបួស។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា នៅក្នុងស្ថានភាពនេះស្ថាប័នពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុគួរតែពិចារណាតាមតែអាចធ្វើទៅបានក្នុងការលុបចោលបំណុល ឬអាចមានការបន្ធូរបន្ថយណាមួយដល់គ្រួសារយុទ្ធជនដែលបានពលី និងរងរបួសក្នុងបុព្វហេតុជាតិ ព្រោះការពលី និងការរងរបួសកងកម្លាំងការពារជាតិអាចឱ្យធ្វើគ្រួសាររបស់ពួកគេមានបញ្ហាប្រឈមផ្នែកជីវភាព។

ដោយឡែកលោក លោក ង៉ែត ជូរ អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងនៅក្នុងសណ្ដាញសង្គមរបស់ខ្លួនថា គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារគួរពិចារណាលុបបំណុលទាំងស្រុងដែលគ្រួសារយុទ្ធជនពលីបានជំពាក់ ដើម្បីជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល និងដើម្បីជាការតបស្នងចំពោះការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី។ បើតាមអ្នកជំនាញរូបនេះ ការលុបបំណុលនេះមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេ ពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួច បើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលកំពុងតាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងរៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ និងដោះស្រាយសុខទុក្ខរបស់ជនភៀសសឹក ព្រមទាំងពលករដែលត្រលប់ពីប្រទេសថៃចូលមកកម្ពុជាវិញផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានស្ថានភាពបែបណា ក្រោយមានការផ្ទុះអាវុធដាក់គ្នា?

អ្នកជំនួញនិងអ្នកជំនាញសេដ្ឋកិច្ចកត់សម្គាល់ឃើញថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃបានរងផលប៉ះពាល់យ៉ាងដំណំចាប់តាំងពីមានការបិទច្រ…

តើកម្ពុជាបានសិក្សាអ្វីខ្លះពីសង្គ្រាមឈ្លានពានរបស់ថៃ ហើយត្រូវពង្រឹងខ្លួនបែបណាបន្ថែមទៀត?

ក្រោយកម្ពុជាបានឆ្លើយតបយ៉ាងអង់អាចពីការវាយប្រហារឈ្លានពានរបស់ថៃក្នុងជម្លោះព្រំដែនក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ កម្ពុជាបានរងគ្រោះក្នុងរូបភាពជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ