
គិតមកទល់ពេលនេះមានរយៈពេលជិត១សប្តាហ៍ហើយ តែការដោះស្រាយ និងការតាមចាប់ជនបង្កមកផ្តន្ទាទោសពីសំណាក់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរី នៅមិនទាន់មានពន្លឺនៅឡើយទេ ដែលធ្វើឱ្យគ្រួសារសព ដែលកំពុងរងទុក្ខសោកសង្រេងដោយសារការបាត់បង់សមាជិកជាទីស្រឡាញ់កើតទុក្ខមិនសុខចិត្តស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ។
មកទល់ពេលនេះការដោះស្រាយ និងការចាប់ជនបង្កមកដោះស្រាយលើករណីរបស់យុវជន ហ៊ាង ដេវីត ដែលត្រូវបានឡានដឹកដីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងកិនស្លាប់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ មិនទាន់មានពន្លឺនៅឡើយទេ ដែលជាហេតុធ្វើឱ្យក្រុមគ្រួសាររបស់សពកើតទុក្ខមិនសុខចិត្តចេញមកស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជួយពន្លឿនការដោះស្រាយលើករណីនេះ និងស្រាវជ្រាវតាមចាប់ជនបង្កឈ្មោះ ញ៉ែម ស៊ីថា ហៅទូច អាយុ៤២ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ យកមកផ្តន្ទាទោសតាមច្បាប់។ ការចេញមកដង្ហោយរកយុត្តិធម៌ និងស្នើឱ្យក្រសួងស្ថាប័ន្ធពាក់ព័ន្ធជួយអន្តរាគមន៍នេះ ធ្វើឡើងក្រោយគ្រួសារសពមើលឃើញថា ការស្រាវជ្រាវតាមចាប់ជនបង្ក និងដោះស្រាយលើករណី ដែលជាបទល្មើសព្រហ្មទណ្ឌនេះពីសំណាក់មន្ត្រីនគរបាលហាក់មានភាពយឺតយ៉ាវ និងមិនសូវសកម្ម។
ពាក់ព័ន្ធបញ្ហានេះដែរ យើងមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់បាននៅឡើយទេ ដោយសារហៅទូរសព្ទចូល តែលោកចុចបិទ។
គួរបញ្ជាក់ថា យុវសិស្ស ហ៊ាង ដេវីត ត្រូវបានជនបង្កឈ្មោះ ញ៉ែម ស៊ីថា ហៅទូច បើកឡានដឹកដីក្រោមឥទ្ធិពលគ្រឿងស្រវឹងបុក និងកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធម្មនៅអំឡុងពេលរូបគេបើកម៉ូតូ Today ចេញពីសាលាមកផ្ទះនៅលើផ្លូវខេត្តលេខ១២៨។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ បើតាមការអះអាងរបស់ពលរដ្ឋ ដែលរស់នៅទីនោះ មុនកើតហេតុពួកគេឃើញជនបង្កខាងលើបានបើករថយន្តដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3G-0964 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយរ៉េចុះរ៉េឡើងពេញផ្លូវ លុះដល់កន្លែងកើតហេតុ ក៏បានបុក និងកិនយុវជនខាងលើស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុជនបង្កខាងលើបានបើករថយន្តគេចទៅផ្លុងចោលនៅផ្ទះរបស់ឈ្មោះ វ៉ាន់ នៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ហើយឡើងជិះរថយន្តមួយទៀតគេចខ្លួនមិនទទួលខុសត្រូវចំពោះទង្វើអនុស្សធម៌របស់ខ្លួនរហូតមកទល់ពេលនេះ។ បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងកាលពីពេលកន្លងមកថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។
បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបេកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយយទេ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដោយផ្ទាល់យ៉ាងច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ឱ្យឃាត់ខ្លួន និងវាយខ្នោះជាបន្ទាន់រាល់ជនណា ដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណា ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់៕