ពោតក្រហម

អ្នកជំនាញកសិកម្មជំរុញឱ្យកសិករហាលសម្ងួតពោតក្រហមទុកសិន និងបញ្ចេញលក់សន្សឹមៗ ដ្បិតតម្លៃនៅបន្ដធ្លាក់ចុះ


អ្នកជំនួញ និងជាអ្នកជំនាញកសិកម្មដ៏ធំនៅកម្ពុជា ឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា ស្របពេលដែលតម្លៃពោតក្រហមនៅតែបន្ដធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ កសិករគួរតែពិចារណាក្នុងការហាលសម្ងួតពោតទុកសិន ហើយបញ្ចេញលក់សន្សឹមៗ ដើម្បីរង់ចាំតម្លៃប្រសើរឡើងវិញ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្ន រោងចក្រផលិតចំណីសត្វរបស់លោកឧកញ៉ាផ្ទាល់ បាននិងកំពុងប្រមូលទិញពោតក្រហមពីកសិករជារៀងរាល់ថ្ងៃ ប៉ុន្ដែដោយសារតែបរិមាណទិន្នផលពោតមានច្រើនពេក ការស្រូបទិញ ពីរោងចក្រក្នុងស្រុក គឺមិនគ្រប់គ្រាន់នៅឡើយទេ។
ពោតក្រហម
ដោយ

ស្ថានភាពទីផ្សារពោតក្រហមនៅកម្ពុជា ​កំពុងប្រឈមនឹងបញ្ហាគួរឱ្យកត់សម្គាល់ តាំងពីមានបញ្ហាបិទព្រំដែនរវាងកម្ពុជា និងថៃមក។

លោកស្រី សាប សាវិ កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ខេមបូណូមីស នៅថ្ងៃទី ១៧ ខែសីហាឆ្នាំ២០២៥ ថា ស្ថានភាពការប្រមូលផលពោតក្រហម នៅឆ្នាំនេះ ហាក់មិនសូវមានឈ្មួញចុះប្រមូលទិញនោះឡើយ ក្រោយបាត់ទីផ្សារធំនៅថៃ ខណៈបច្ចុប្បន្នការប្រមូលផលពោតកំពុងចាល់នៅលើទីផ្សារ។ បើតាមកសិកររូបនេះ តម្លៃពោតស្នូលបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលជាតម្លៃទាបខ្លាំងបើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

​ទាក់ទងនឹងបញ្ហាទីផ្សារពោតក្រហមនេះដែរ ឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានលើកឡើងថា ក្រុមហ៊ុនរបស់លោកឧកញ៉ាបានជួយប្រមូលទិញពោតក្រហមពីកសិករគ្រប់រដូវកាល តែយ៉ាងណាការជួយប្រមូលទិញនេះ ហាក់មិនអាចប្រមូលបានទាំងអស់នោះទេ ដោយសារតែបរិមាណនៃទិន្នផលពោតរបស់កសិករមានច្រើនខ្លាំងពេក។ អ្នកជំនួញកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ បានលើកទឹកចិត្តឱ្យកសិករគួរតែសម្ងួតពោតស្តុកទុក ដើម្បីអាចបញ្ចេញលក់សន្សឹមៗ រហូតដល់ពេលផុតរដូវប្រមូលផល។

​ក្នុងស្ថានភាពដែលកសិករដាំពោតក្រហមកំពុងជួបការលំបាក លោក សុខ វិន ប្រធានសហគមន៍កសិកម្មតាសែនខេត្តបាត់ដំបង បានសំណូមពរដល់រាជរដ្ឋាភិបាល ជួយ​ដល់គាំទ្រកសិករបន្ថែមទៀត ពិសេសសម្របសម្រួលឱ្យមានការពន្យារពេលបង់ប្រាក់សងជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីអាចជួយសម្រួលដល់ជីវភាពរបស់កសិករបានមួយកម្រិត នៅក្នុងកាលៈទេសៈលំបាកនេះ។

​យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម បរិមាណផលពោតក្រហមដែលគ្រោងនឹងប្រមូលផលក្នុងអំឡុងខែ សីហា ដល់ខែធ្នូ ឆ្នាំ២០២៥ មានប្រមាណ ៦១ម៉ឺនតោន ក្នុងនោះការប្រមូលផលច្រើនជាងគេក្នុងខែសីហា មានប្រមាណ ៦៦,៤៦% ហើយតាមការប៉ាន់ស្មាន ការប្រមូលផលពោតក្រហមក្នុងខែកក្កដានេះ មានប្រមាណ ១៣ម៉ឺនតោន។ របាយការណ៍គូសបញ្ជាក់បន្ថែមថា ក្នុងករណីមិនអាចនាំចេញពោតក្រហមទៅកាន់ប្រទេសថៃបាន នោះនឹងទទួលរងផលប៉ះពាល់តិចតួច ប៉ុន្តែបញ្ហានេះ អាចនឹងដោះស្រាយបានប្រសិនបើ អាចពិភាក្សាជាមួយក្រុមហ៊ុននាំចូលពោតក្រហមឱ្យផ្អាកប្រតិបត្តិការនាំចូលរបស់ខ្លួនមួយរយៈពេលខ្លី ដើម្បីឱ្យក្រុមហ៊ុន ផលិតចំណីសត្វក្នុងស្រុកជួយប្រមូលទិញពីកសិករសម្រាប់កែច្នៃជាចំណីសត្វ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើសកម្មភាពបង្កហេតុថ្មីៗរបស់យោធាថៃ មកលើកម្ពុជា អាចជាទឡ្ហីករណ៍ឱ្យអាម៉េរិក ពិចារណាដាក់ចេញវិធានការណ៍ថ្មីដែរឬទេ?

យោធាថៃ បានចាប់ខ្លួនកងកម្លាំងកម្ពុជា ចំនួន២០នាក់ ហើយបានដោះលែងចំនួនត្រឹមតែ២នាក់មកវិញ និងក្រោយមកបានរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរ និងជីក…

ផលិតផលគ្រាប់ស្វាយចន្ទីខេត្តកំពង់ធំ នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលឆាប់ៗនេះ

រាជរដ្ឋាភិបាល បានដាក់មហិច្ឆតាប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ស្របតាមច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ