វិស័យកសិកម្ម

កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង កំពុងព្រួយបារម្ភពីទីផ្សារ ក្រោយថៃ បិទច្រកព្រំដែន


ស្របការប្រមូលផលពោតក្រហមនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ក្រុមកសិករដាំពោតក្រហមមួយចំនួននៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់នាំចេញទៅកាន់ទីផ្សាយថៃ ហាក់បង្ហាញក្ដីបារម្ភចំពោះទីផ្សារ ក្រោយប្រទេសថៃ បិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា។ ការបង្ហាញក្តីបារម្ភនេះ ក៏ដោយសារតែមកពេលនេះ កសិករដាំពោតក្រហម ឬពោតចំណីសត្វក្នុងខេត្តបាត់ដំបង មិនទាន់ដឹងពីប្រភពទីផ្សារពោតក្រហមច្បាស់លាស់នៅឡើយទេ ស្របពេលតម្លៃពោតក្រហមចាប់ផ្ដើមធ្លាក់ចុះ ក្រោយបាត់ទីផ្សារនាំចេញទៅកាន់ប្រទេសថៃ។
វិស័យកសិកម្ម
ដោយ

ជាមួយគ្នានេះ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ននេះរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធ​កំពុងយកចិត្តទុកដាក់រៀបចំជួយបង្វែរទីផ្សារពោតក្រហមដល់កសិករ។

លោក សុខ វិន ប្រធានសហគមន៍តាសែន និងជាកសិករដាំពោតក្រហម​នៅខេត្តបាត់ដំបង ​បានអះអាងថា លោក និងកសិករដាំពោតក្រហមឯទៀតកំពុងមានការព្រួយបារម្ភពីផ្សារពោតនៅឆ្នាំនេះ ក្រោយក្រុមយោធាថៃ បានបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជា ជាឯកតោភាគី​។ ការបង្ហាញការព្រួយបារម្ភនេះ ក៏ដោយសារមកទល់ពេលនេះពួកគេមិនទាន់បានដឹងពីផ្សារនាំចេញពោតច្បាស់លាល់នៅឡើយទេ ស្របពេលការប្រមូលផលកាន់តែខិតជិតចូលមកដល់ ខណៈកន្លងមកពោតរបស់ពួកគេត្រូវបានឈ្មួញទិញនាំចេញទៅកាន់ទីផ្សារថៃ។ បើតាមការអះអាងរបស់កសិកររូបនេះ នៅដើមរដូវប្រមូលផលនៅឆ្នាំនេះ ពោតក្រហមស្រស់អាចលក់បានតម្លៃ៤៥០រៀលក្នុង១គីឡូក្រាម ដោយកាលពីឆ្នាំមុនអាចលក់បានចន្លោះពី៦៥០រៀលទៅ៧០០រៀលក្នុង១គីឡូក្រាមឯណោះ។

​មិនខុសគ្នាពីកសិករខាងលើនោះទេ លោកស្រី ឯក សេងហុង កសិករដាំពោតក្រហមម្នាក់នៅខេត្តបាត់ដំបងម្នាក់ដែរនោះ ក៏បានបង្ហាញពីក្តីបារម្ភចំពោះទីផ្សារពោតនៅឆ្នាំនេះផងដែរ ក្រោយឈ្មួញដែលធ្លាប់ទិញពោតលោកស្រីសម្រាប់នាំចេញទៅថៃ មិនអាចនាំចេញបាន។ ជាមួយគ្នានេះ លោកស្រី ស្នើឱ្យរាជរដ្ឋាភិបាលជួយស្វែងរកទីផ្សារថ្មីជំនួសឱ្យទីផ្សារថៃ សម្រាប់ពោតក្រហមរបស់លោកស្រី និងកសិករដទៃទៀតផងដែរ។

​ពាក់ព័ន្ធគ្នានេះដែរ លោក អ៊ិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្ននៅក្នុងខេត្តដំបង មិនទាន់ដល់រដូវប្រមូលផលពោតក្រហមនៅឡើយទេ ដោយការប្រមូលផលអាចធ្វើឡើងនៅក្នុងខែកក្កដា និងសីហា ខាងមុខនេះ។ បើតាមអនុប្រធានមន្ទីររូបនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់សិក្សារៀបចំផែនការ ធ្វើយ៉ាងណាជួយបង្វែរទីផ្សារពោតក្រហមរបស់កសិករនៅឆ្នាំនេះឱ្យបានទាន់ពេលវេលា។

​ក្រៅពីស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារ ក្រុមកសិករ ក៏បានសំណូមពរដល់បណ្ដាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាជួយទិញពោត និងរកទីផ្សារពោតដល់ពួកគេផងដែរ​។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញពោតក្រហមចំនួន១០ម៉ឺនតោនពីកម្ពុជា ក្នុងមួយឆ្នាំ នាំចូលទៅប្រទេសថៃ ដូច្នេះការបិទច្រកព្រំដែនជាឯកតោភាគីពីយោធាថៃ កំពុងគំរាមកំហែងដល់ការប្រមូលផលពោតក្រហមរបស់កសិករនៅក្នុងខេត្តបាត់ដំបង៕

អត្ថបទ​៖ ជា ម៉ារ៉ា​




អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជាង៧៦លានដុល្លារពីការនាំចេញផ្លែចេកស្រស់នៅ៥ខែឆ្នាំនេះ

ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានសញ្ញាណវិជ្ជមានមកទល់ពេលនេះ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ កម្ពុជា រកច…

វិស័យអនឡាញនៅវៀតណាម ឈានដល់ជាង១៦ពាន់លានដុល្លារអាម៉េរិក ជាប់ក្នុងចំណោមទីផ្សារអនឡាញកំពូលទាំង៣នៅអាស៊ាន

វិស័យអនឡាញនៅវៀតណាម បានជាប់ឈ្មោះក្នុងចំណោមទីផ្សារអនឡាញ (E-commerce) កំពូលទាំង៣នៅអាស៊ាន ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ