
លោក ខេង វីរ៉ែន អ្នកគ្រប់គ្រងចម្ការលម៉ើតាខ្នា នៅខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការប្រមូលផលផ្លែលម៉ើនៅឆ្នាំនេះហាក់មានភាពយឺតយ៉ាវ តែទិន្នផលមានការកើនឡើងបើធៀបនឹងឆ្នាំមុន ដោយសារអាកាសធាតុអំណោយផលល្អ។ កត្តានេះធ្វើឱ្យលោករំពឹងថា ការប្រមូលផលលម៉ើនៅចម្ការតាខ្នា ដែលដាំដុះលើផ្ទៃដី៤០ហិកតានឹងអាចទទួលបានទិន្នផលចន្លោះពី១០០តោន ទៅ១៥០តោន ខណៈតម្លៃនៅដើមរដូវប្រមូលផលឆ្នាំនេះមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺអាចលក់រាយបានក្នុងតម្លៃ៤ម៉ឺន៨ពាន់រៀលក្នុង១គីឡូក្រាម ខណៈការចែកចាយយកទៅលក់បន្តអាចមានតម្លៃទាបជាងនេះអាស្រ័យទៅលើបរិមាណ និងការចរចា។
ជាមួយគ្នានេះ អ្នកស្រី អ៊ិត សម្ភ័ស្ស ម្ចាស់ចម្ការលម៉ើ ទំហំ១ហិកតា ស្ថិតនៅស្រុកចំការលើខេត្តកំពង់ចាម បានឱ្យដឹងថា មកដល់ពេលនេះចម្ការលម៉ើរបស់អ្នកស្រីបានចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ដោយទីផ្សារនាពេលបច្ចុប្បន្នអាចលក់បានប្រមាណ៤ម៉ឺន៥ពាន់រៀល ដល់៥ម៉ឺនរៀលក្នុង១គីឡូក្រាម ខណៈអ្នកទិញភាគច្រើនតែងមកដល់ចម្ការតែម្ដង។ តែយ៉ាងណាម្ចាស់ចម្ការរូបនេះហាក់បារម្ភចំពោះការហូរចូលលម៉ើពីក្រៅប្រទេសធ្វើឱ្យតម្លៃលម៉ើមានការធ្លាក់ចុះនៅឆ្នាំនេះ ដែលវានឹងធ្វើឱ្យផលប៉ះពាល់ដល់អ្នកដាំក្នុងស្រុក។
ដោយឡែក លោក ហួរ ធីនាង នាយកប្រតិបត្តិគម្រោងជីថ្នាំកសិកម្មនៃក្រុមហ៊ុន អង្ករហ្រ្គីន កត់សម្គាល់ឃើញថា លម៉ើនៅកម្ពុជា កំពុងមានការដាំដុះជាបន្តបន្ទាប់ ហើយវានឹងអាចក្លាយជាដំណាំមានសក្ដានុពលមួយនាពេលខាងមុខ ព្រោះផ្លែឈើនេះអាចកែច្នៃបាននៅក្នុងវិស័យឧស្សាហកម្ម។ តែយ៉ាងណា ការដាំដុះលម៉ើទាមទារឱ្យមានការសិក្សាពីបច្ចេកទេសជាមុនសិន បើពុំដូច្នោះទេ អាចប្រឈមនឹងការខាតបង់ថវិកា។
អ្នកដាំលម៉ើរំពឹងថា នៅឆ្នាំនេះនឹងមានពលរដ្ឋទៅលេងកម្សាន្ត និងទិញផ្លែលម៉ើដល់ទីតាំងចម្ការកាន់តែច្រើន ដែលនឹងជួយលើកកម្ពស់ផលិតផលក្នុងស្រុក និងសេដ្ឋកិច្ចនៅក្នុងសហគមន៍ផងដែរ៕