
រដ្ឋាភិបាលហូឡង់ និងរដ្ឋាភិបាលអូស្ត្រាលីបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែឧសភា បានសម្រេចចេញសេចក្ដីសន្និដ្ឋានជាផ្លូវការថា ភាគីប្រទេសរុស្ស៊ី ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 ដែលបានហោះឆ្លងកាត់ដែនអាកាសនៃប្រទេសអ៊ុយក្រែន ដោយបង្កសោកនាដកម្មផ្ដាច់ជីវិតអ្នកដំណើរ និងអាកាសយានិកទាំង ២៩៨នាក់ រួមទាំងពលរដ្ឋហូឡង់ ១៩៦នាក់ និងពលរដ្ឋអូស្ត្រាលី៣៨នាក់ផងដែរ។
រដ្ឋាភិបាលហូឡង់ និងរដ្ឋាភិបាលអូស្ត្រាលីបានអះអាងថា ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិនឹងពិចារណានៅប៉ុន្មានសប្ដាហ៍ខាងមុខថា តើត្រូវផ្ដល់សំណងក្នុងទម្រង់បែបណាដល់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ។
គួររំឭកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ខាងលើនេះបានចាកចេញពីទីក្រុងអាំស្ទែរដាំ (Amsterdam) នៃប្រទេសហូឡង់ទៅកាន់ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ខណៈកំពុងមានការវាយប្រយុទ្ធគ្នារវាងក្រុមផ្ដាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។
នៅខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់ បានកាត់ទោសបុរសជនជាតិរុស្ស៊ីពីរនាក់ និងបុរសជនជាតិអ៊ុយក្រែនម្នាក់ដោយកំបាំងមុខពីបទមនុស្សឃាតដោយសារពួកគេជាប់ពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរខាងលើនេះ។ ជាការឆ្លើយតប ទីក្រុងមូស្គូ បានចាត់ទុកសាលក្រមនោះថា អយុត្តិធម៌ ហើយបានប្រកាសជំហរថា ខ្លួននឹងមិនធ្វើបត្យាប័នបញ្ជូនពលរដ្ឋរបស់ខ្លួនឱ្យទៅទទួលទោសនោះឡើយ។
ទោះជាយ៉ាងណា ភ្លាមៗក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ុងរេអាល់ (Montreal) ប្រទេសកាណាដា មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺជុំវិញការសម្រេចចេញសន្និដ្ឋានចោទប្រកាន់នេះនោះទេ។ សូមបញ្ជាក់ថា សំណុំរឿងនេះត្រូវបានដាក់ប្ដឹងដោយភាគីប្រទេសអូស្ត្រាលី និងប្រទេសហូឡង់ នៅក្នុងឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសហូឡង់លោក កាស្ប៉ា វេលឃែម (Caspar Veldkamp) បានចេញសេចក្ដីថ្លែងការណ៍ថា សេចក្ដីសម្រេចនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការលាតត្រដាងការពិត និងផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងមនុស្សជាទីស្រលាញ់របស់ពួកគេ ហើយចាប់ឱ្យអ្នកប្រព្រឹត្តទទួលខុសត្រូវចំពោះជនរងគ្រោះ។ លោករដ្ឋមន្ត្រីការបរទេសហូឡង់បានបន្ថែមថា សេចក្ដីសម្រេចនេះជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា បណ្ដារដ្ឋនានាមិនអាចបំពានច្បាប់អន្តរជាតិដោយនិទណ្ឌភាពបានឡើយ។
ទាំងប្រទេសហូឡង់ និងប្រទេសអូស្ត្រាលី ចង់ឱ្យក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បញ្ជាឱ្យភាគីប្រទេសរុស្សី ចូលខ្លួនចរចាជុំវិញការផ្ដល់សំណងដល់ជនរងគ្រោះ។
ដោយឡែករដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ផេននី វ៉ុង (Penny Wong) បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី ស្វាគមន៍សេចក្ដីសម្រេចនេះ ហើយបានជំរុញឱ្យអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីកំណត់ការផ្ដល់សំណងដល់ជនរងគ្រោះ។ ទោះជាយ៉ាងណា ពេលនេះមិនទាន់មានការឆ្លើយតបពីភាគីប្រទេសរុស្ស៊ី នៅឡើយទេជុំវិញការសម្រេចចេញសេចក្ដីសន្និដ្ឋានចោទប្រកាន់នេះ៕
ដោយ: តែម សុខុម