
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអនុម័តលើកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុនផលិតដែក Nippon Steel របស់ជប៉ុន និងក្រុមហ៊ុនផលិតដែក US Steel របស់សហរដ្ឋអាម៉េរិក ក្រោយកិច្ចព្រមព្រៀងនេះបានជាប់គាំងអស់រយៈពេលជាច្រើនខែកន្លងមកនេះ។
អតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានរារាំងកិច្ចព្រមព្រៀងនេះកាលពីខែមករាដោយលើកឡើងអំពីកង្វល់សន្តិសុខជាតិ ហើយថា ការទិញយកភាគហ៊ុនក្រុមហ៊ុនអាម៉េរិកនេះនឹងបង្កើតហានិភ័យដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលសំខាន់សម្រាប់សហរដ្ឋអាម៉េរិក។ ប៉ុន្តែការសម្រេចចិត្តរបស់លោក ត្រាំ នេះហាក់បានបង្ហាញថា ប្រតិបត្តិការនេះមិនបានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ របស់អាម៉េរិកឡើយ ក្រោយពីមានការត្រួតពិនិត្យម្ដងជាពីរដងដោយគណៈកម្មាធិការវិនិយោគបរទេសរបស់អាម៉េរិក។
លោក ត្រាំ បានបង្ហោះសារនៅគេហទំព័រ Truth Social កាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ការសម្រេចនេះនឹងក្លាយជាភាពជាដៃគូតាមការគ្រោងទុករវាងក្រុមហ៊ុន US Steel និងក្រុមហ៊ុន Nippon Steel ដែលនឹងបង្កើតការងារយ៉ាងហោចណាស់៧ម៉ឺនកន្លែង និងបន្ថែមទុន១៤ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងនេះដល់សេដ្ឋកិច្ចអាម៉េរិក។
ក្រុមហ៊ុនជប៉ុន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Nippon Steel បានអបអរចំពោះសកម្មភាពដ៏ក្លាហានរបស់លោក ត្រាំ ក្នុងការអនុម័តភាពជាដៃគូរវាងក្រុមហ៊ុន Nippon Steel និងក្រុមហ៊ុន US Steel ហើយថា ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ គឺជាអ្នកផ្លាស់ប្តូរហ្គេមសម្រាប់ក្រុមហ៊ុន US Steel និងអ្នកពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុននេះរួមទាំងឧស្សាហកម្មដែកថែបរបស់អាម៉េរិក និងមូលដ្ឋានផលិតកម្មអាម៉េរិក ដ៏ទូលំទូលាយទៀតផង។
ចំណែកក្រុមហ៊ុន US Steel ក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះដែរដោយនិយាយថា ក្រុមហ៊ុនដែករបស់អាម៉េរិកនេះ នឹងនៅតែជារបស់អាម៉េរិកដដែល ហើយក្រុមហ៊ុននេះនឹងកាន់តែធំ និងកាន់តែរឹងមាំជាងមុនតាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Nippon Steel ដែលនាំមកនូវការវិនិយោគដ៏ធំ បច្ចេកវិទ្យាថ្មី និងការងាររាប់ពាន់នាក់ក្នុងរយៈពេល៤ឆ្នាំខាងមុខ៕
ដោយ៖ សុខ មង្គល