សមាគមមីក្រូហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុអះអាងថា សមាជិករបស់ខ្លួនប្តេជ្ញាមិនដំឡើងអត្រាការប្រាក់កម្ចីឡើយ ទោះបីរងត្រូវសម្ពាធចំណាយក្ដី


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួននៅមួយរយៈចុងក្រោយនេះ បាននាំគ្នាដំឡើងអត្រាការប្រាក់បញ្ញើដើម្បីកៀរគរប្រភពទុនក្នុងស្រុក និងជំរុញកំណើនការផ្ញើប្រាក់សន្សំក្នុងស្ថាប័នហិរញ្ញវត្ថុផ្លូវការ។ ការដំឡើងអត្រាការប្រាក់បញ្ញើនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់បស់ខ្លួន ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា ដែលជំរុញឲ្យប្រភពទុនហិរញ្ញវត្ថុពីក្រៅប្រទេសមានតម្លៃកើនឡើង។
សមាគមមីក្រូហិរញ្ញវត្ថុអះអាងថា សមាជិករបស់ខ្លួនប្តេជ្ញាមិនដំឡើងអត្រាការប្រាក់កម្ចីឡើយ ទោះបីរងត្រូវសម្ពាធចំណាយក្ដី

ទោះយ៉ាងណា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា សមាជិករបស់ខ្លួនប្ដេជ្ញានឹងមិនដំឡើងអត្រាការប្រាក់សម្រាប់ការផ្តល់ឥណទាន ឬប្រាក់កម្ចីជូនអតិថិជនឡើយ បើទោះបីរងសម្ពាធការចំណាយមានការកើនឡើងក្តី។ ទន្ទឹមនឹងនេះសមាគមស្នើឲ្យប្រជាពលរដ្ឋដែលមានប្រាក់សន្សំនៅផ្ទះយកប្រាក់មកផ្ញើនៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានអត្រាការខ្ពស់។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកត់សម្គាល់ឃើញថា ក្រោយធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់ការកើនឡើងអតិផរណាបានជំរុញឲ្យអត្រាការប្រាក់ទូទៅនៅតាមប្រទេសជាច្រើនលើកពិភពលោករួមទាំងកម្ពុជាមានការប្រែប្រួល។ ការប្រែប្រួលនេះ ក៏ដោយសារប្រាក់ដុល្លារត្រូវបានប្រើប្រាស់សម្រាប់ទូទាត់ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសនានា។ ការដំឡើងអត្រាការប្រាក់ដុល្លាររបស់អាមេរិកនេះ ក៏កំពុងជំរុញតម្លៃប្រភពទុនមកពីក្រៅប្រទេសមានការកើនឡើងផងដែរ ដែលកំពុងបង្ខំឲ្យគ្រឹះស្ថានធនាគារ ពិសសេសគ្រឹះស្ថានពឹងផ្អែកខ្លាំងលើប្រភពទុនពីក្រៅប្រទេសនៅកម្ពុជាមួយចំនួនត្រូវដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ដើម្បីទប់ទល់នឹងការប្រែប្រួលអត្រាការប្រាក់។

តែយ៉ាងណាបើតាមការអះអាងរបស់លោក កាំង តុងងី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមបានប្តេជ្ញាថា ពួកគេនឹងមិនដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ឬប្រាក់កម្ចីក្នុងស្ថានភាពបច្ចុប្បន្នឡើយ បើទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដំឡើងអត្រាការប្រាក់បញ្ញើ ដែលកំពុងដាក់សម្ពាធធ្វើឲ្យការចំណាយមានការកើនឡើងក៏ដោយ។ លោកបានគូសបញ្ជាក់ថា ការមិនដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ក៏ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនចង់បង្កើនសម្ពាធការចំណាយដល់អតិថិជន ម្យ៉ាងចង់រួមចំណែកជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ-១៩។

លោក កាំង តុងងី បានគូសបញ្ជាក់ទៀតថា ការកើនឡើងអត្រាការប្រាក់ជាសកលបានជំរុញឲ្យប្រភពទុនពីក្រៅប្រទេសមានតម្លៃកើនឡើង ដែលជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវដំឡើងអត្រាការប្រាក់បញ្ញើជូនអតិថិជន ដើម្បីកៀគរប្រភពទុនក្នុងស្រុក។ លោកសង្កត់ធ្ងន់ថា ការដំឡើងអត្រាការប្រាក់បញ្ញើនេះមិនមែនមានន័យថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាខ្វះសាច់ប្រាក់ក្នុងការផ្តល់ឥណទានជូនអតិថិជននោះទេ ពោលគឺគ្រឹះស្ថាននៅតែបន្តផ្តល់ឥណទានជូនប្រជាពលរដ្ឋជាធម្មតា ហើយកម្ពុជានៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគផ្នែកហិរញ្ញវត្ថុពីវិនិយោគិនអន្តរជាតិ។

ជាមួយគ្នានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជាយល់ឃើញថា បើទោះបីការដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមិនសូវផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកដាក់ប្រាក់បញ្ញើ តែវាបានរួមចំណែកជួយរក្សាប្រាក់ចំណូលរបស់ពួកគេឲ្យស្ថិតក្នុងភាពសមរម្យ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការកើនឡើងអតិផរណា។ អ្នកជំនាញរូបនេះជឿជាក់ថា ការដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើនេះ ចង់ឬមិនចង់វានឹងជំរុញឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុត្រូវដំឡើងអត្រាការប្រាក់សម្រាប់ឥណទានដូចគ្នា ដើម្បីទប់ទល់ការចំណាយ និងរក្សាស្ថិរភាពប្រាក់ចំណូល។

ទោះយ៉ាងណា បើតាមការគូសបញ្ជាក់របស់លោក កាំង តុងងី ក្រៅពីកៀគរប្រភពទុន ការដំឡើងអត្រាការប្រាក់បញ្ញើជូនអតិថិជននេះ គឺដើម្បីជួយជំរុញកំណើនការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។ ទន្ទឹមនឹងនេះសមាគមមីក្រូហិរញ្ញវត្ថុអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រាក់សន្សំយកប្រាក់មកដាក់សន្សំតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ សុវត្តិភាពប្រាក់សន្សំ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គិតត្រឹមឆមាសទី ១ឆ្នាំ២០២២ ស្ថានភាពប្រព័ន្ធធនាគារ​កម្ពុជានៅតែមានភាពល្អប្រសើរ ដោយ​អត្រានៃការដាក់ប្រាក់បញ្ញើអតិថិជនមានប្រមាណជាង ៤២ពាន់លានដុល្លារ កើនឡើង ១៦% បនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ រីឯ ឥណទានអតិថិជនវិញ មានជាង​៥១ពាន់លានដុល្លារកើនឡើងជាង​២៣%។ នេះបើតាមតួលេខពីធនាគារជាតិនៃកម្ពុជា៕
អត្ថបទបន្ទាប់


ឯកឧត្តម ឌិត ទីណា ត្រូវបានជ្រើសរើសសម្រាប់តំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ជំនួសឯកឧត្តម វេង សាខុន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋសភា រៀបចំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណ…

វៀតណាមប្រឈមវិបត្តិខ្វះប្រេងឥន្ធនៈជាថ្មី ខណៈស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤កន្លែងនៅទីក្រុងហូជីមិញត្រូវបានបិទទ្វារ

ព័ត៌មាន
បញ្ហាខ្វះខាតប្រេងឥន្ធនៈនៅប្រទេសវៀតណាមសម្រាប់ការប្រើប្រាស់ក្នុងស្រុក បានចាប់ផ្ដើមជួបបញ្ហាមកអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែការផលិត និងផ្គត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ