ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple អាចប្រឈមការពិន័យរហូតដល់ជិត៤០ពាន់លានដុល្លារ ក្រោមច្បាប់ប្រឆាំងការផ្តាច់មុខថ្មីរបស់ឥណ្ឌា


បើយោងតាមឯកសារផ្លូវច្បាប់ ដែលក្រុមហ៊ុន Apple បានដាក់ទៅតុលាការជាន់ខ្ពស់របស់ឥណ្ឌា ក្រុមហ៊ុន Apple កំពុងតតាំង និងទាមទារឱ្យប្រទេសឥណ្ឌា លុបចោលច្បាប់ប្រឆាំងការផ្ដាច់មុខថ្មី ដែលអាចធ្វើឱ្យក្រុមហ៊ុនខ្លួនប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់ជិត៤០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមហ៊ុន Apple
ដោយ

ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុនឥណ្ឌាមួយចំនួនបានជាប់គាំងក្នុងការតតាំងក្តីនៅតុលាការ ដើម្បីប្រឆាំងនឹងការផ្តាច់មុខជាមួយក្រុមហ៊ុនអាម៉េរិក Apple នៅឯគណៈកម្មការប្រកួតប្រជែងឥណ្ឌា (CCI) ដោយក្រុមស៊ើបអង្កេតរបស់គណៈកម្មការនេះបានចេញរបាយការណ៍មួយកាលពីឆ្នាំមុនថា ក្រុមហ៊ុនទូរសព្ទអាម៉េរិកមួយនេះបានពាក់ព័ន្ធក្នុងការបំពានលើទីផ្សារកម្មវិធីនៃប្រព័ន្ធប្រតិបត្តិការទូរសព្ទ iPhone របស់ខ្លួនហៅថា iOS។

កាលពីឆ្នាំ២០២៤ ប្រទេសឥណ្ឌា បានអនុម័តច្បាប់មួយ​ដែលអនុញ្ញាតឱ្យគណៈកម្មការ CCI ប្រើចំណូលសកលនៅពេលគណនាប្រាក់ពិន័យទៅលើក្រុមហ៊ុនណាមួយសម្រាប់ការរំលោភលើការគ្រប់គ្រងទីផ្សារ។ បើតាមច្បាប់នេះ ក្រុមហ៊ុន Apple អាចរងការផាកពិន័យរហូតដល់១០% សម្រាប់ឆ្នាំសារពើពន្ធ៣ឆ្នាំរបស់ខ្លួន ដែលអាចនឹងធ្វើឱ្យក្រុមហ៊ុននេះបង់ប្រាក់ពិន័យប្រមាណ៣៨ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងអស់ ហើយថា ការប្រើប្រាស់ចំណូលសកលបែបនេះនឹងបណ្តាលឱ្យមានការពិន័យ ដែលជាក់ស្តែងតាមតែអំពើចិត្ត មិនស្របតាមរដ្ឋធម្មនុញ្ញ គ្មានសមាមាត្រ និងគ្មានយុត្តិធម៌ ដូច្នេះហើយក្រុមហ៊ុននេះបានទាមទារឱ្យចៅក្រមលុបចោលច្បាប់នេះវិញ។

បើតាមឯកសារដែលដាក់ទៅកាន់តុលាការកំពូលរបស់ឥណ្ឌា ក្រុមហ៊ុន Apple កំពុងស្នើសុំឱ្យចៅក្រមប្រកាសថា ច្បាប់ឆ្នាំ២០២៤ ដែលអនុញ្ញាតឱ្យគណៈកម្មការ CCI ប្រើចំណូលសកលនេះថាខុសច្បាប់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកនេះយល់ថា ប្រទេសឥណ្ឌាគួរតែដាក់ពិន័យដោយផ្អែកលើតែប្រាក់ចំណូលរបស់អង្គភាពជាក់ស្ដែងនៅក្នុងប្រទេសឥណ្ឌា ដែលបានរំលោភលើច្បាប់ប្រឆាំងការផ្តាច់មុខបានហើយ។ តែអាជ្ញាធរឥណ្ឌាមិនទាន់បានឆ្លើយតបណាមួយជុំវិញបញ្ហានេះនៅឡើយទេ៕

ដោយ៖ សុខ មង្គល




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ