សន្និសីទអាកាសធាតុ

អគ្គិសភ័យបានធ្វើឱ្យសន្និសីទអាកាសធាតុរបស់ UN ជាប់គាំងលើការចរចាមួយចំនួន


អគ្គិភ័យមួយបានកើតឡើងនៅកន្លែងតាំងពិព័រណ៍នៅឯសន្និសីទអាកាសធាតុលើកទី៣០ (COP30) របស់អង្គការសហប្រជាជាតិ ដែលកំពុងរៀបចំធ្វើនៅក្នុងប្រទេសប្រេស៊ីលដោយបង្ខំឱ្យមានការជម្លៀសមនុស្ស និងបានជាប់គាំងកិច្ចចរចា ដោយធ្វើឱ្យកិច្ចព្រមព្រៀងជាច្រើនមិនទាន់បានសម្រេច ខណៈកិច្ចប្រជុំកំពូលនេះជិតដល់ទីបញ្ចប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សន្និសីទអាកាសធាតុ
ដោយ

សេវាពន្លត់អគ្គិភ័យប្រេស៊ីល បាននិយាយថា អគ្គិភ័យមួយបានកើតឡើងនៅកន្លែងតាំងពិព័រណ៍ស្ថិតនៅខាងក្រៅកន្លែងរៀបចំកិច្ចប្រជុំអាកាសធាតុលើកទី៣០ របស់អង្គការសហប្រជាជាតិ ដែលកំពុងធ្វើនៅក្នុងទីក្រុងបេឡែម ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍។ សេវាពន្លត់អគ្គិភ័យនេះ បានអះអាងថា អគ្គិភ័យនេះ ត្រូវបានពន្លត់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយមនុស្សគ្រប់គ្នាត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ប៉ុន្តែមន្ត្រីអាជ្ញាធរបានបិទទីតាំងនេះជាបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យសុវត្ថិភាព។

ក្រុមអ្នករៀបចំកម្មវិធីនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីទប់ស្កាត់ទុកជាមុន រដ្ឋាភិបាលប្រេស៊ីល និងអ្នករៀបចំសន្និសីទអាកាសធាតុខាងលើ បានសម្រេចរួមគ្នាដើម្បីបិទកន្លែងតាំងពិព័រណ៍ជាបណ្ដោះអាសន្ន ខណៈក្រុមពន្លត់អគ្គិភ័យកំពុងវាយតម្លៃពីសុវត្ថិភាពដ៏ទូលំទូលាយ។

មូលហេតុនៃអគ្គិភ័យនេះត្រូវបានគេជឿថា បណ្ដាលមកពីឧបករណ៍អគ្គិសនី ដែលទំនងជាចង្រា្កនកម្ដៅម្ហូប ឬមីក្រូវ៉េវ ហើយថា មនុស្សប្រហែល១០ទៅ២០នាក់បានរងរបួសដោយសារឈ្លក់ផ្សែងភ្លើង និងកំពុងសម្រាកព្យាបាល។

ឧប្បត្តិហេតុនេះបានបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សមួយចំនួនចេញពីកន្លែងក្បែរនោះ និងរំខានដល់កិច្ចពិភាក្សាអាកាសធាតុរបស់អង្គការសហប្រជាជាតិ ខណៈក្រុមអ្នកចរចាកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីរបៀបជំរុញកិច្ចខិតខំផ្នែកអាកាសធាតុ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីប្រេស៊ីល តំបន់តាំងពិព័រណ៍នេះត្រូវបានបើកឡើងវិញ និងចាប់ផ្តើមប្រតិបត្តិការឡើងវិញកាលពីយប់ថ្ងៃព្រហស្បតិ៍ មុនមួយថ្ងៃនេះថ្ងៃចុងក្រោយនៃសន្និសីទអាកាសធាតុនេះ៕

ដោយ៖ សុខ មង្គល




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ