វិស័យជលផល

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បារម្ភពីកង្វះតម្លាភាពក្នុងការផ្ដល់កូតាឱ្យនាំចូលត្រី ធ្វើឱ្យតម្លៃត្រីកើនឡើង


សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្តីបារម្ភ ពីការខ្វះតម្លាភាពក្នុងការផ្តល់កូតាឱ្យនាំចូលត្រីមកកាន់ទីផ្សារកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើឱ្យតម្លៃត្រីមានការកើនឡើង។ ការបង្ហាញក្តីបារម្ភនេះ ធ្វើឡើងក្រោយក្រសួងកសិកម្ម បានរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា។
វិស័យជលផល
ដោយ

ជាមួយគ្នានេះ សមាគមវារីវប្បករនៅកម្ពុជា ហាក់បង្ហាញការគាំទ្រចំពោះការរឹតបន្តឹងការនាំចូលត្រីនេះ ដ្បិតជាផ្នែកមួយក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមត្រីនៅកម្ពុជា។

សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានគូសបញ្ជាក់ថា ការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ នឹងអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុកមិនគ្រប់តាមតម្រូវការជាក់ស្ដែង ហើយអាចនឹងបង្កការលំបាកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។ សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្ម ពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេចលើការរឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាតឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួន​ដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគេមិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហានេះ ​ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចាត់ទុកការតវ៉ារបស់ក្រុមអ្នកផ្គត់ផ្គង់ត្រីមួយចំនួន​ថា ដោយសារតែខ្លាចបាត់បង់ផលប្រយោជន៍របស់ក្រុមពួកគេទៅវិញ។​ ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ពីការលើកឡើងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថា ​​«មានផលិតផលច្រើនណាស់ដែលយើងអាចតភ្ជាប់រវាងអ្នកផលិតក្នុងស្រុក និងប្រជាជនប្រើប្រាស់ក្នុងស្រុក ជាជាងយករបស់នាំចូល»។ ​បើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកពាក់ព័ន្ធ​​គួរតែព្យាយាមចូលរួមលើកកម្ពស់វិស័យវារីវប្បកម្មនៅក្នុងស្រុកឱ្យបានច្រើន។ ហើយក្រុមហ៊ុនដែលធ្លាប់តែនាំត្រីចូល អាចបង្វែរទៅជួយទិញពី​ក្រុមវារីវប្បករ​ឱ្យអស់លទ្ធភាពជាមុនសិន មុននឹងធ្វើការស្នើសុំការអនុញ្ញាតនាំចូលបន្ថែម។

ដោយឡែកលោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជាបានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្នកសិករមានលទ្ធភាពចិញ្ចឹមត្រីបានច្រើនប្រភេទ និងអាចផ្គត់ផ្គង់ក្នុងទីផ្សារបានគ្រប់គ្រាន់ ប៉ុន្តែលើកលែងតែប្រភេទត្រីមួយចំនួនដែលពុំទាន់អាចចិញ្ចឹមបាន និងត្រូវមានការនាំចូលដើម្បីបង្រ្គប់ទីផ្សារ។ បើតាមអ្នកជំនាញរូបនេះ ការលួចនាំចូលត្រីខុសច្បាប់មកកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការធ្លាក់ថ្លៃតម្លៃត្រីនៅក្នុងទីផ្សារ។ ការណ៍នេះ លោក ឡែមផូរ សុថាវរិទ្ធិ គាំទ្រចំពោះការរឹតបន្តឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់កូតាឱ្យនាំចូលត្រីដែលមានកំណត់ចំនួនច្បាស់លាស់។

​សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុក ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូល ក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


រដ្ឋាភិបាលកម្ពុជាសន្យាជួយរកទីផ្សារពោត ដំឡូងមី និងកសិផលផ្សេងទៀតជូនកសិករ

នាទិវាមច្ឆជាតិ ១កក្កដា រដ្ឋាភិបាលកម្ពុជាប្រាប់កសិករកុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាទីផ្សារកសិផល ក្រោយថៃបិទច្រកព្រំដែនមិនឱ្យមានការនាំចេញ។ …

ក្រោយកម្ពុជា ផ្ទុះជម្លោះព្រំដែនជាមួយថៃ តើការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរមានស្ថានភាពយ៉ាងណាដែរ?

មកទល់ពេលនេះ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តស្ថិតក្នុងភាពតានតឹង ដែលជំរុញឱ្យការដោះដូរពាណិជ្ជ និងទេសចរណ៍រវាងប្រទេសត្រូវបានរាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ