ការបង្កកលុយរបស់ក្រុមហ៊ុន Prince Group នេះ ធ្វើឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និង ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Prince Group និងម្ចាស់ក្រុមហ៊ុនយក្សមួយនេះ គឺ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ជុំវិញការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ដ៏សម្បើម។
ឯកសារសម្ងាត់ដែលទទួលបានដោយសមាជិកសភាកូរ៉េខាងត្បូង លោក កាង មីនហ្គុក (Kang Min-guk) បានបង្ហាញថា សាខាធនាគារកូរ៉េខាងត្បូង ចំនួន៥ នៅកម្ពុជា ដែលបានបង្កកលុយរបស់ក្រុមហ៊ុន Prince Group រួមមាន ធនាគារអ៊ូរី (Woori), ធនាគារស៊ិនហាន (Shinhan) , ធនាគារជឺនប៊ុក (Jeonbuk), ធនាគារ IM Bank និង ធនាគារគុកមីន (Kookmin) ដោយធនាគារទាំងអស់នេះបានធ្វើប្រតិបត្តិការចំនួន៥២ប្រតិបត្តិការ ជាមួយក្រុមហ៊ុន Prince Group ដែលសរុបជាទឹកប្រាក់ប្រមាណ ១៣៧លានដុល្លារអាម៉េរិក។
អាជ្ញាធរកូរ៉េខាងត្បូង ជឿជាក់ថា ប្រាក់ទាំងនេះ អាចជាប្រាក់ចំណូលបានមកពីបទល្មើស ដែលប្រព្រឹត្តដោយក្រុមហ៊ុន Prince Group។ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង កំពុងពិនិត្យមើល លទ្ធភាពដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងវិធានការរបស់សហរដ្ឋអាម៉េរិក និង ចក្រភពអង់គ្លេស លើក្រុមហ៊ុន Prince Group។ សមាជិកសភាកូរ៉េខាងត្បូង លោក កាង មីនហ្គុក (Kang Min-guk) បានជំរុញឱ្យទីក្រុងសេអ៊ូល សហការជាមួយភាគីកម្ពុជា បន្ថែមទៀត ដើម្បីបង្កកលុយកខ្វក់ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន។
ដោយ: តែម សុខុម