គ្រោះទឹកជំនន់

អ្នកស្លាប់ដោយសារទឹកជំនន់នៅអាស៊ានកើនដល់ជិត៦០០នាក់ ខណៈថៃរងគ្រោះធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៣០០ឆ្នាំ


ការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតមនុស្សដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ជាពិសេសនៅប្រទេសមួយចំនួនរួមមានថៃ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កំពុងរីករាលដាលយ៉ាងខ្លាំង ហើយជាការកត់សម្គាល់ប្រទេសថៃ ភាគខាងត្បូងកំពុងរងគ្រោះដោយសារទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣០០ឆ្នាំមកនេះ។ ទិន្នន័យបង្ហាញថា ចំនួនអ្នកស្លាប់នៅអាស៊ីអាគ្នេយ៍ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានកើនឡើងដល់ជិត៦០០នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៣០ ខែវិច្ឆិកា។
ថៃរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតមិន
ដោយ

នាយកដ្ឋានធារាសាស្ត្រថៃ និងស្ថាប័នផ្សេងៗទៀតបានឱ្យដឹងថា មានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃនៅក្នុងខេត្តភាគខាងត្បូងចំនួន១០នៃប្រទេសថៃ នៅចុងខែវិច្ឆិកា នេះ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍ សប្ដាហ៍មុន ពលរដ្ឋថៃប្រមាណជាង១លានគ្រួសារ និងពលរដ្ឋថៃជិត៣លាននាក់ផ្សេងទៀតបានរងផលប៉ះពាល់ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង១៦០នាក់។ មេឃបានភ្លៀងជញ្ជ្រុំនៅក្រុងហាតយ៉ៃ (Hat Yai) ខេត្តសុងក្លា នៅថ្ងៃទី២១ ខែវិច្ឆិកា ដែលធ្វើឱ្យទីក្រុងនេះមានទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០០ឆ្នាំមកនេះ។ កម្រិតទឹកជំនន់នៅក្នុងតំបន់ខ្លះនៃទីក្រុងហាតយ៉ៃ បានឡើងដល់ជិត៣ម៉ែត្រ។ កងកម្លាំងយោធា និងប៉ូលិសថៃកំពុងប្រើប្រាស់ទូក ដើម្បីប្រញាប់ប្រញាល់ជួយសង្គ្រោះពលរដ្ឋដែលជាប់ទៅណាមិនរួច។

រោងចក្ររហូតដល់ទៅជាង៧០០កន្លែងបានរងផលប៉ះពាល់ គ្រាន់តែនៅក្នុងខេត្តសុងក្លា។ ធនាគារកសិករ (Kasikornbank Bank) ដែលជាធនាគារដ៏ធំរបស់ថៃ បានប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំយ៉ាងហោចណាស់២៥ពាន់លានបាត ប្រមាណ៧៨០លានដុល្លារអាម៉េរិកនៅក្នុងខេត្តសុងក្លា។

ផលប៉ះពាល់លើឧស្សាហកម្មកៅស៊ូធម្មជាតិ គឺជាកង្វល់ធំ ខណៈដែលប្រទេសថៃ ជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក ដោយកសិករជាច្រើនប្រមូលផ្ដុំគ្នាធ្វើដំណាំកៅស៊ូនៅថៃភាគខាងត្បូង។ ផលិតកម្មជ័រកៅស៊ូនៅឆ្នាំនេះត្រូវបានព្យាករថា នឹងធ្លាក់ចុះ៩០,០០០តោន ដែលបណ្តាលឱ្យខាតបង់ជាង១៤០លានដុល្លារអាម៉េរិក។

ទន្ទឹមនេះ ទឹកជំនន់ និងបំណាក់ដីក៏បានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ នៅភាគខាងត្បូងផងដែរ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសម៉ាឡេស៊ីឱ្យដឹងថា ពលរដ្ឋប្រមាណ៩,១០០គ្រួសារ និងពលរដ្ឋ ប្រមាណ៣០ម៉ឺននាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពគិតត្រឹមរសៀលថ្ងៃទី២៨ វិច្ឆិកា នៅក្នុងរដ្ឋចំនួន៩។ ដោយសារតែការជម្លៀសទាន់ពេលវេលា មានមនុស្សស្លាប់តែពីរនាក់ប៉ុណ្ណោះគិតចាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា មក។ ចំណែកឯនៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីម្តងហើយម្តងទៀតនៅលើកោះស៊ូម៉ាត្រា។ គិតត្រឹមល្ងាចថ្ងៃទី២៩ វិច្ឆិកា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣០៣នាក់ ខណៈមនុស្សយ៉ាងហោចណាស់២៧៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ តំបន់លំនៅដ្ឋានមួយចំនួននៅលើកោះនេះត្រូវបានជន់លិចរហូតដល់ដំបូលផ្ទះ ហើយមនុស្សប្រហែល៨ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

ទន្ទឹមនេះ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ដល់ចុងខែវិច្ឆិកា បានកើនឡើងដល់១០៨នាក់។ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធឆ្លើយតបយ៉ាងឆាប់រហ័ស ដោយលោកបានសង្កត់ធ្ងន់ថា ប្រជាជនត្រូវការការគាំទ្រពីរដ្ឋាភិបាល ជាពិសេសនៅក្នុងគ្រាលំបាក។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ នេះ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានពីមុនមកបានវាយប្រហារតំបន់ជាច្រើននៃប្រទេសវៀតណាម ដោយបណ្តាលឱ្យមនុស្សជាង៤០០នាក់ស្លាប់ និងបាត់ខ្លួន ខណៈដែលការខូចខាតសេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថាឈានដល់៨៥ទ្រីលានដុង ឬ ៣,២ពាន់លានដុល្លារ។ ហើយកាលពីខែកញ្ញា ទីក្រុងហាណូយ បានរងការខូចខាតដោយទឹកជំនន់ដែលត្រូវបានចាត់ទុកថាជាគ្រោះមហន្តរាយអាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៨៕​

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ធនាគារ ADB អនុម័តកញ្ចប់ថវិកា ៧៦៣ លានដុល្លារ សម្រាប់កម្ពុជា អភិវឌ្ឍទីក្រុងតាមរយៈការលើកកម្ពស់សុវត្ថិភាពទឹក ភាពធន់ និងភាពសមស្របសម្រាប់ការរស់នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភ…

អ្នកជំនាញថៃរិះគន់ថា រដ្ឋាភិបាលថៃបានខ្ជះខ្ជាយពេលជាង១ទសវត្សរ៍ មិនអើពើរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់ទីផ្សារចិន

ក្រោយការហូរចូលផលិតផលថៃទៅកាន់ទីផ្សារចិននៅមានកម្រិត ហើយវិស័យទេសចរណ៍កំពុងស្ថិតក្នុងស្ថានភាពបាត់បង់ទំនុកចិត្ត អ្នកជំនាញថៃ បានរិះគន់រដ្ឋាភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ