គ្រោះមហន្តរាយធម្មជាតិធំៗ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម កំពុងធ្វើឱ្យតម្លៃនៅវៀតណាម ជាពិសេសនៅរដ្ឋធានីហាណូយ ឡើងថ្លៃ និងបង្ករផលប៉ះពាល់ដល់ស្ថិរភាព នៃការផ្គត់ផ្គង់ទីផ្សារ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅថ្ងៃទី២១ ខែវិច្ឆិកា តម្លៃបន្លែនៅទីក្រុងហាណូយ បានកើនឡើងពី៣០%ដល់១00% បន្ទាប់ពីរងគ្រោះដោយសារព្យុះជាប់ៗគ្នា និងភ្លៀងធ្លាក់យូរនៅចុងខែតុលា និងដើមខែវិច្ឆិកា ដែលធ្វើឱ្យអ្នកទិញកាត់បន្ថយការចំណាយ ពាណិជ្ជករកំពុងតស៊ូ ដើម្បីស្វែងរកទំនិញ ខណៈកសិករកំពុងតស៊ូជាមួយនឹងការខាតបង់ធ្ងន់ធ្ងរ។
ពីមុនត្រកូនមួយបាច់មានតម្លៃត្រឹម០,៣០ទៅ០,៣៨ដុល្លារប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមួយបាច់ឡើងដល់ពី ០,៧៦ទៅជាង១ដុល្លារ។ ក្រៅពីនោះបន្លែផ្សេងៗទៀតដូចជាស្ពៃក្តោប ប៉េងប៉ោះ និងត្រសក់ក៏ឡើងថ្លៃខ្លាំងផលដែរ។
លោក ប៊យ វាន់ កាយ ( Bui Van Quy) អ្នកលក់បន្លែមួយរូបបាននិយាយថា បរិមាណបន្លែពីតំបន់ជាយក្រុងបានធ្លាក់ចុះយ៉ាងខ្លាំងក្រោយរកគ្រោះដោយសារព្យុះ ព្រោះចម្ការបន្លែរបស់អ្នកស្រុកត្រូវទឹកជន់លិចខ្ទិចខ្ទីគ្មានសល់។ បើតាមការអះអាងរបស់កសិកររូបនេះ បន្លែដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ភាគច្រើនប្រមូលទិញពីអ្នកដាំនៅកន្លែងខ្ពស់ៗ ប៉ុន្តែតម្លៃវិញ ក៏ថ្លៃសម្បើមដែរ៕
ដោយៈ សរ សុជាតិ