
ទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកកម្តៅជាមធ្យមនៅប្រទេសជប៉ុន កាលពីខែកក្កដា ស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៨៩៨ មក ស្របពេលដែលដំណក់ទឹកភ្លៀងធ្លាក់ក្រោមមធ្យមភាគ១៣% នៅតាមបណ្តោយឆ្នេរសមុទ្រ និងទាបជាង ៨% នៅតំបន់មួយចំនួន។ សីតុណ្ហភាពកាលពីខែកក្កដា បានឡើងដល់៤១,២អង្សាសេ ដែលជាអាកាសធាតុក្តៅបំផុត។ ស្ថិតក្នុងស្ថានភាពនេះ ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា ដោយ សារតែរលកកម្តៅក្តៅខ្លាំងពេកបានធ្វើឱ្យបរិមាណអង្ករដែលគេព្យាករថា នឹងទទួលបានប្រមាណ៧,៣លានតោន នឹងធ្លាក់ចុះមកនៅក្រោមការព្យាករនេះ។
ក្រុមកសិករធ្វើស្រែនៅប្រទេសជប៉ុន បានអះអាងថា នៅក្នុងរយៈពេលប្រមាណ១ខែកន្លងមកនេះ នៅជប៉ុន ពុំមានភ្លៀងធ្លាក់នោះទេ ហើយគួបផ្សំអាកាសធាតុក្តៅផងនោះ បានធ្វើឱ្យស្រែជាច្រើនរងការរីងហួត និងដើមស្រូវក្រៀមស្វិត ស្ទើរតែក្លាយជាចំបើង។ ក្រុមកសិករអះអាងថា ប្រសិនបើអាកាសធាតុនៅតែបែបនេះទៀត ស្រូវរបស់ពួកគេប្រហែលជាមិនអាចដាក់គ្រាប់នោះទេ។
ស្របពេលជប៉ុន កំពុងប្រឈមនឹងបញ្ហាអាកាសធាតុ បានជំរុញឱ្យតម្លៃបន្លែបង្ការ ហើយសូម្បីតែប៉េងប៉ោះបានហក់ឡើងថ្លៃរហូតដល់ជិត៣ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺកើនឡើង១០% ចំណែកល្ពៅឡើងថ្លៃ ២០% ម្ទេសឡើង៣០% ហើយសាច់ជ្រូក និងត្រីឡើងដល់ជិត៦ដុល្លារនៅក្នុងមួយគីឡូ ពោលគឺឡើងថ្លៃរហូតដល់៥០% ឯណោះ៕
ដោយៈ សរ សុជាតិ