លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ បានធ្វើឱ្យកសិករចំណាយថ្លៃដើមផលិតខ្ពស់ជាងមុនប្រហែល៣០% ដែលអាចធ្វើឱ្យកសិករប្រឈមនឹងការខាតពេលប្រមូលផលលក់។ ស្ថិតក្នុងស្ថានភាពថ្លៃដើមផលិតកើនឡើងខ្លាំង អ្នកជំនាញសេដ្ឋកិច្ចរូបនេះសង្កេតឃើញថា កសិករផលិតស្រូវនៅតាមតំបន់តម្លៃស្រូវធ្លាក់ចុះ ប្រឈមនឹងការផ្អាកការផលិត ឬកាត់បន្ថយការផលិត។ តែទោះជាបែបនេះក្តី អ្នកជំនាញរូបនេះសង្កេតឃើញថា មកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថា បញ្ហានេះអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងរបស់កម្ពុជា នោះទេ ដោយសារទិន្នផល ដែលកសិករផលិតបានលើសតម្រូវការប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណាលោក ច័ន្ទ សុផល យល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នទាមទារឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយឧបត្ថម្ភធនដល់ពលរដ្ឋខ្វះខាត ដើម្បីជួយសម្រាលការចំណាយរបស់ពួកគេ។
ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និង ជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានលើកឡើងថា ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតរបស់កសិករយ៉ាងខ្លាំង ក្រោយតម្លៃទំនិញ និងសេវាកម្មបម្រើក្នុងវិស័យកសិកកម្មបានកើនឡើងទ្វេដង។ ទោះជាប្រឈមនឹងការកើនឡើងតម្លៃថ្លៃដើមផលិតខ្ពស់ជាងមុនក្តី ប៉ុន្តែស្ថាបនិកសមាគមសហព័ន្ធកសិករកម្ពុជា រូបនេះ អះអាងថា កសិករមិនផ្អាកការផលិតនោះទេ គ្រាន់តែអាចមានកាត់បន្ថយការផលិតតែប៉ុណ្ណោះ។ ស្ថិតក្នុងស្ថានភាពនេះលោក សុខ សុថា សំណូមពរដល់រដ្ឋាភិបាលជួយធ្វើយ៉ាងណាកុំឱ្យមានជនឆ្លៀតឱកាសដំឡើងថ្លៃទំនិញប្រើប្រាស់ក្នុងស្រុក ដែលអាចធ្វើឱ្យពលរដ្ឋកាន់តែជួបបញ្ហាប្រឈមបន្ថែមទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នកសិករដែលដាំដុះស្រូវ ដំឡូងមី ពោត និងបន្លែកំពុងរងសម្ពាធយ៉ាងខ្លាំងពីការឡើងថ្លៃជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងថ្លៃដឹកជញ្ជូន។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមកសិករបានទទូចសុំឱ្យរដ្ឋាភិបាលអន្តរាគមន៍ជួយជំរុញតម្លៃកសិផលឱ្យឡើងថ្លៃសមស្របតាមទីផ្សារប្រេងឥន្ធនៈ ដើម្បីការពារការខាតបង់ធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ៕
អត្ថបទ៖ ជា ម៉ារ៉ា