
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស រំពឹងថា ការចរចាពាណិជ្ជកម្មរបស់ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-អាម៉េរិក ជាមួយមន្រ្តីសហរដ្ឋអាម៉េរិក នៅពាក់កណ្តាលខែនេះនឹងទទួលបានលទ្ធផលល្អ។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថា ប្រសិនបើការចរចាលើបញ្ហាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ពុំទទួលបានលទ្ធផលល្អ វានឹងជះឥទ្ធិពលមិនល្អដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយសហរដ្ឋអាម៉េរិក មានចំណែករហូតដល់ប្រមាណ៥០%នៃការនាំចេញសរុបរបស់កម្ពុជា។ ប៉ុន្តែវាមិនដល់ថ្នាក់ធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាប់គាំងនោះទេ ដោយសារកម្ពុជា នៅមានទីផ្សារធំៗជាច្រើនទៀត។ យ៉ាងណាក៏ដោយលោកឧកញ៉ា ស៊ិន ចន្ធី ជឿជាក់ថា តាមរយៈវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដូចជាបញ្ចុះពន្ធលើទំនិញអាម៉េរិក ១៩ប្រភេទ ពី៣៥% មកនៅត្រឹម៥% និងការរឹតបន្តឹងការចេញការបញ្ជាក់ប្រភពដើមទំនិញនាំចេញទៅអាម៉េរិក ជាដើម វានឹងជួយឱ្យកម្ពុជា ទទួលបានលទ្ធផលល្អក្នុងការចរចានេះ។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការចរចាលើបញ្ហាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក វាជារឿងចាំបាច់សម្រាប់កម្ពុជា និងជាកត្តារួមចំណែកមួយក្នុងការជួយស្ដារសេដ្ឋកិច្ច និងជំរុញការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ប្រសិនបើការចរចាទទួលបានលទ្ធផលល្អ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះរំពឹងថា ការចរចារវាងភាគីកម្ពុជា ជាមួយសហរដ្ឋអាម៉េរិកនឹងទទួលបានលទ្ធផលល្អ បើទោះបីជាលោកបានបង្ហាញក្តីបារម្ភចំពោះការទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ដែលជំរុញឱ្យអាម៉េរិក ដាក់ពន្ធលើផលិតផលបន្ទះសូឡាកម្ពុជារហូតដល់ជាង៣ពាន់% អាចធ្វើឱ្យប៉ះពាល់ដល់ការចរចានេះក៏ដោយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានដាក់ពន្ធបដិការលើការនាំចូលទំនិញពីកម្ពុជា ចំនួន៤៩% កាលពីថ្ងៃទី២ ខែមេសា តែបានពន្យារអនុវត្តចំនួន៩០ថ្ងៃ។ ជាការឆ្លើយតបនឹងការដាក់គំនាបពន្ធនេះ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំចរចាជាមួយសហរដ្ឋអាម៉េរិក និងបានបញ្ចុះពន្ធលើទំនិញនាំចូលមួយចំនួនរបស់សហរដ្ឋអាម៉េរិក ព្រមទាំងប្រកាសចាត់វិធានការលើប្រភពដើមកំណើតទំនិញដែលនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ។
សូមរំលឹកថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង១០ពាន់លានដុល្លារ កើនឡើង១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះការនាំចេញមានទំហំជាង៩,៩០០លានដុល្លារ រីឯការនាំចូលពីអាម៉េរិកមកវិញមានទំហំជាង២៦០លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា