ការវិនិយោគផ្ទាល់ពីបរទេស FDI នៅក្នុងប្រទេសចិន បានបន្តធ្លាក់ចុះខ្លាំងរហូតដល់ទៅ៥១% នៅត្រីមាសទី៣ ឆ្នាំ២០២៥ នៅពេលដែលបណ្ដាក្រុមហ៊ុនបរទេសនៅទូទាំងពិភពកាន់តែមានការប្រយ័ត្នប្រយែងចំពោះទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយរបស់ចិន។ ជាការពិតណាស់ ទោះបីជាបណ្ដាក្រុមហ៊ុនបរទេសបានបោះទុនវិនិយោគសាងសង់រោងចក្រថ្មីៗមួយចំនួនយ៉ាងណាក្ដី ក៏ការវិនិយោគផ្ទាល់ពីបរទេស នៅតែធ្លាក់ចុះខ្លាំងដដែល ដោយធ្លាក់ចុះរហូតដល់ទៅ៩២% ពីកម្រិតកំពូលនៅត្រីមាសទី២ ឆ្នាំ២០២២ ហើយបានបន្តធ្លាក់ចុះខ្លាំងបន្ថែមទៀត ចាប់តាំងពីការបិទខ្ទប់ក្រុងសៀងហៃ អំឡុងវិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចចិន។ នៅត្រីមាសទី៣ ឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសចិន បានបង្ហាញសញ្ញាធ្លាក់ចុះជាលើកដំបូង នៅពេលដែលមូលធនចាប់ផ្ដើមហូរចេញទៅក្រៅប្រទេសចិន។
សេដ្ឋកិច្ចចិន កំពុងបាត់បង់សម្ទុះកំណើន ហើយជាក់ស្ដែងផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដសម្រេចបានកំណើនត្រឹមតែ៤,៨% ប៉ុណ្ណោះ នៅត្រីមាសទី៣ ឆ្នាំ២០២៥ នេះ ដោយធ្លាក់ចុះពីកំណើន៥,២% ក្នុងត្រីមាសទី២។ តម្រូវការក្នុងស្រុកចុះខ្សោយដោយសារតែការធ្លាក់ចុះនៃអចលនទ្រព្យបានធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ។ ហើយជាលទ្ធផល បណ្ដាក្រុមហ៊ុនបរទេសនៅតែបន្តឈរជើងទាំងត្រដាបត្រដួសនៅក្នុងប្រទេសចិន។
ជាក់ស្ដែង ក្រុមហ៊ុនប្រេនកាហ្វេយក្សអាម៉េរិក Starbucks បានប្រកាសកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួនរហូតដល់ទៅ៦០% នៅប្រទេសចិន ទៅឱ្យក្រុមហ៊ុនចិនមួយ ខណៈក្រុមហ៊ុនអាម៉េរិកមួយនេះ កំពុងស្វះស្វែងរក្សាការប្រកួតប្រជែងជាមួយម៉ាកយីហោកាហ្វេក្នុងស្រុកធំៗដ៏រឹងមាំ។
ទន្ទឹមនេះ ក្រុមហ៊ុនយក្សផ្នែកសូហ្វវែររបស់សហរដ្ឋអាម៉េរិក មានឈ្មោះថា SAS Institute ក៏នឹងចាកចេញពីទីផ្សារចិនដីគោកផងដែរ ដោយបានកាត់បន្ថយការងារប្រមាណ៤០០កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ ក្នុងពេលជាមួយគ្នានេះដែរ ការស្ទង់មតិរបស់សភាពាណិជ្ជកម្មជប៉ុន បានរកឃើញថា ៤៣% នៃក្រុមហ៊ុនបរទេសមានគម្រោងកាត់បន្ថយ ឬផ្អាកបោះទុនវិនិយោគក្នុងប្រទេសចិននៅឆ្នាំក្រោយ ខណៈដែលមានតែ១៦% ប៉ុណ្ណោះ ដែលមានគម្រោងបង្កើនការវិនិយោគ។
នៅឯពិព័រណ៍នាំចូលអន្តរជាតិចិន (China International Import Expo) នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានសន្យាថា នឹងធ្វើឱ្យប្រទេសចិន កាន់តែមានភាពទាក់ទាញ និងមានអំណោយផលសម្រាប់បណ្ដាវិនិយោគិនបរទេស៕
ដោយ: តែម សុខុម