
បើយោងតាមទិន្នន័យរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាម នៅឆមាសទី១ឆ្នាំ២០២៥ បានកើនឡើង៣៣% ឈានដល់ទំហំសរុបជាង២១ពាន់លានដុល្លារ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ ការវិនិយោគក្នុងវិស័យអចលនទ្រព្យដែលកន្លងមកបានជួបបញ្ហាមានកំណើនជាង២ដងជាមួយទំហំទុនវិនិយោគជិត៥ពាន់លានដុល្លារ។
អ្នកវិភាគបានអះអាងថា ទោះបីមានការប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលក៏ដោយ ក៏វៀតណាម នៅតែជាគោលដៅលេចធ្លោក្នុងតំបន់ ដែលត្រូវបានជំរុញដោយមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព គោលនយោបាយបើកចំហស្របនឹងសក្តានុពលកំណើនរយៈពេលវែងដ៏រឹងមាំ។
លោក ឃ្វៀន ហៅ អាន (Nguyen Hoai An) អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន CBRE Hanoi បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរច្បាប់សំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងវិស័យដីធ្លី អាជីវកម្មអចលនវត្ថុ និងលំនៅឋាន ដែលចូលជាធរ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានរួមចំណែកបង្កើតក្របខណ្ឌច្បាប់ប្រកបដោយតម្លាភាព និងសុវត្ថិភាពសម្រាប់អ្នកវិនិយោគ សម្រួលដល់ការចូលប្រើប្រាស់ដីធ្លីកាន់តែងាយស្រួល ។ អ្នកជំនាញរូបបានបន្តថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តាជំរុញដ៏សំខាន់នៃលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងអចលនទ្រព្យផងដែរ។
ដោយឡែកលោកស្រី ឃ្វៀន ឡេ ឌុង (Nguyen Le Dung) ប្រធានផ្នែកប្រឹក្សាវិនិយោគនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Hanoi បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយប្រទេសជាច្រើន ដែលកំពុងបង្កើនការទាក់ទាញរបស់ទីផ្សារ រួមទាំងវិស័យអចលនទ្រព្យសម្រាប់សហគ្រាសបរទេសផងដែរ។ លោកស្រីបានបន្តទៀតថា វៀតណាម នៅតែរក្សាការប្រកួតប្រជែង និងសក្តានុពលរបស់ខ្លួនសម្រាប់វិនិយោគិនបរទេស៕
ដោយៈ សរ សុជាតិ