ថៃ ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិក តាំងពីអើយមកបានបង្ហាញចរិតអឿ និងសម្ដីប្រហើនមិនសូវគោរពសហរដ្ឋអាម៉េរិក ដែលជាមេកើយរបស់ខ្លួន ខណៈដែលថៃ ទាំងនាយករដ្ឋមន្ត្រី ទាំងស្ដេចថៃ ហាក់ចង់ដោះដៃពីសហរដ្ឋអាម៉េរិក ហើយងាកទៅឈោងចាប់មហាយក្សចិន។ កាលពីថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា អតីតអនុរដ្ឋមន្ត្រីការបរទេសថៃ លោក រស្ម៊ី ឆាលីឆាន់ (Rasme Chalichan) បានពន្លះនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល យ៉ាងចាស់ដៃ ដែលធ្វើឱ្យខូចទំនាក់ទំនងថៃ-អាម៉េរិក។
លោក រស្ម៊ី ឆាលីឆាន់ សង្កត់ធ្ងន់ថា ទាំងនេះសុទ្ធតែមកពីលោក អានុទីន ឆានវីរៈគុល ដែលបានច្រានចោលជាសាធារណៈនូវសំណើរបស់សហរដ្ឋអាម៉េរិក ឱ្យជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ចរចាជាមួយភាគីកម្ពុជាឡើងវិញជុំវិញជម្លោះ ហើយលោក អានុទីន ក៏បានប្រឆាំងនឹងបំណងប្រធានាធិបតី ដូណាល់ ត្រាំ ដោយបើកចំហផងដែរ។
ជាលទ្ធផលការផ្អាកចរចាពាណិជ្ជកម្មបណ្ដោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងប្រទេសថៃបានជះផលប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក និងគំរាមកំហែងដល់ទំនាក់ទំនងសេដ្ឋកិច្ច ដ៏សំខាន់។ លើសពីនេះ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញដ៏សំខាន់របស់ប្រទេសថៃ។
ក្រុមអ្នកវិភាគបានព្រមានថា ការផ្អាកចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងភាគីថៃ អាចជះផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ យ៉ាងធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម