ឡានក្រុងជិះឥតគិតថ្លៃ

អ្នកជំនាញចាត់ទុកឡានក្រុងជិះឥតគិតថ្លៃរបស់រដ្ឋជាយន្តការសម្រាលចំណាយ តែស្នើឱ្យខេត្តនីមួយៗគួររៀបចំរថយន្តដឹកបន្តឱ្យដល់មូលដ្ឋានស្រុក


ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ។ វិធានការនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ស្របពេលដែលតម្លៃប្រេងឥន្ធនៈសកលកំពុងហក់ឡើងខ្ពស់។ តែយ៉ាងណា អ្នកជំនាញយល់ថា រដ្ឋបាលខេត្តនីមួយៗគួរតែរៀបចំឱ្យមានរថយន្តដឹកជញ្ជូនពីទីរួមខេត្តទៅដល់មូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការជួយដល់ពលរដ្ឋឱ្យកាន់តែពេញលេញ។
ឡានក្រុងជិះឥតគិតថ្លៃ
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមយល់ឃើញថា ការរៀបចំឱ្យមានសេវារថយន្តក្រុងសាធារណៈដឹកពលរដ្ឋទៅកាន់ខេត្តក្រុងនានាដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ពលរដ្ឋ ស្របពេលតម្លៃប្រេងឥន្ធនៈបានហក់ឡើងថ្លៃខ្ពស់។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋបាលខេត្តនីមួយៗគួរតែរៀបចំឱ្យមានរថយន្តដឹកពលរដ្ឋបន្តឱ្យដល់មូលដ្ឋានស្រុក ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ ព្រោះការដឹកជញ្ជូនកន្លងមកបានត្រឹមទីរួមខេត្តតែប៉ុណ្ណោះ។

ស្រដៀងគ្នានេះលោក ឱក សេរីសោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អសង្កេតឃើញថា ការបញ្ចេញឡានក្រុងសារធារណៈដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររបស់រដ្ឋាភិបាលកម្ពុជា គឺជាវិធីសាស្រ្តមួយដ៏ល្អក្នុងការចូលរួមកាត់បន្ថយថ្លៃចំណាយរបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ បើតាមអ្នកជំនាញរូបនេះ ដើម្បីអាចជួយដល់ពលរដ្ឋអ្នកខ្វះខាតបានថែមមួយកម្រិតទៀត រដ្ឋបាលខេត្តគួរតែមានរៀបចំវិធីសាស្ត្រធ្វើដំណើរសារធារណៈដឹកជញ្ជូនមិនយកប្រាក់ដូចទៅនឹងរដ្ឋបាលក្រុងភ្នំពេញដូច្នោះដែរ ជៀសវាងពលរដ្ឋចំណាយថវិកាច្រើនទៅលើមធ្យោបាយធ្វើដំណើរពីទីរួមខេត្តទៅភូមិស្រុករៀងៗខ្លួន។

ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមសន្សំសំចៃការចំណាយ ទទួលបានផាសុខភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំនេះ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ សាលាក្រុងភ្នំពេញនៅតែត្រៀមបញ្ចេញរថយន្តក្រុងចំនួន៦០០គ្រឿងដដែលមិនមានការប្រែប្រួលនោះទេ បើទោះបីជាតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ក៏ដោយ។ លោកស្រីថា តាមរយៈពលរដ្ឋដែលបានមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះកន្លងមកអាចជួយសន្សំថវិកាបានប្រមាណ១៦ម៉ឺនរៀលក្នុងម្នាក់សម្រាប់ការធ្វើដំណើរទៅមក តែយ៉ាងណាក្នុងឆ្នាំនេះ អាចនឹងជួយសន្សំបានច្រើនជាងនេះ ដោយសារស្ថានភាពតម្លៃប្រេងហក់ឡើងខ្ពស់។

សូមបញ្ជាក់ថា យុទ្ធនាការដឹកជញ្ជូនឥតគិតថ្លៃនេះធ្វើឡើងតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបមានឱកាសទៅជួបជុំគ្រួសារប្រកបដោយផាសុខភាព សុវត្ថិភាព និងកាត់បន្ថយការចំណាយបានជាអតិបរមា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជាគួរធ្វើពិពិធកម្មបែបណា ដើម្បីជំរុញការនាំចេញទៅកាន់តំបន់អាស៊ានក្នុងវិបត្តិសកល?

ស្របពេលបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កការរង្គោះរង្គើដល់ចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ការធ្វើពិពិធកម្មទីផ្សារបានក្លាយជាអាវុធយុទ្ធសាស្ត្រម…

ក្រុមហ៊ុន A.V.R (Asia Vehicle Rental) និង CHANGAN Cambodia ចុះ MOU ជាផ្លូវការដើម្បីផ្តល់បទពិសោធន៍ថ្មីនៃការជួលរថយន្តជូនអតិថិជន

ក្រុមហ៊ុន A.V.R (Asia Vehicle Rental) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាកម្មជួលរថយន្តនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(M…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ