ទំនាក់ទំនងបារាំង និងចិន

បារាំងចង់ចូលទីផ្សារចិនកាន់តែស្រួលជាងមុន ខណៈចិនវិញសង្ឃឹមថា បារាំងអាចជួយខ្លួនរក្សាទំនាក់ទំនងជាមួយសហភាពអឺរ៉ុប


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានអះអាងថា ប្រទេសបារាំងចង់ចូលទៅកាន់ទីផ្សារចិនឲ្យកាន់តែប្រសើរ និងមានតុល្យភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីថែមទៀត ហើយមិនចង់ឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនងពីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះទេ។ ចំណែក ភាគីចិនវិញ ក៏សង្ឃឹមដែរថា បារាំងអាចជួយខ្លួនក្នុងការរក្សាស្ថិរភាពទំនាក់ទំនងជាមួយសហភាពអឺរ៉ុបផងដែរ។
ទំនាក់ទំនងបារាំង និងចិន
ដោយ

ការបង្ហាញពីការពឹងពាក់គ្នាទៅវិញទៅមកនេះ ធ្វើឡើងនៅក្នុង​កិច្ចសន្ទនា​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចិន-បារាំង​កាលពីចុងសប្ដាហ៍មុននេះ។

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក ព្រុយណូ ឡឺ​មែរ (Bruno Le Maire) បានជួបជាមួយ​ឧបនាយករដ្ឋ​មន្ត្រី​ចិន​លោក ហេ លីហ្វឹង (He Lifeng)​ និង​មន្ត្រី​ចិន​កំពូលៗ​មួយចំនួន​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩ ខែ​កក្កដា សម្រាប់​​កិច្ច​ពិភាក្សាស្ដីពី​ការ​ស្ថាបនា​ពាណិជ្ជកម្ម​ទ្វេភាគី​។ ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ​ហើយ​មួយ​ថ្ងៃ​ លោក ឡឺមែរ និយាយ​ថា បារាំង​មិនចង់​ប្រឈមមុខ​នឹងឧបសគ្គផ្នែកច្បាប់ ឬឧបសគ្គមួយចំនួនទៀត ក្នុងការចូលទៅកាន់ទីផ្សារចិននោះ​​​ទេ​។

លោក ឡឺមែរ ​បាន​បន្ថែម​ថា ជាការ​ពិត​ណាស់ ​នេះហើយ​គឺ​​ជា​ចំណុច​ស្នូល​នៃ​ការ​ពិភាក្សា​របស់​ប្រទេស​បារាំង​ ហើយ​បារាំង​​ចង់​ទទួល​​បាន​ការ​ចូល​ទៅ​ក្នុង​ទី​ផ្សារ​របស់ចិន​កាន់​តែ​ប្រសើរឡើង ​ និងកាន់​តែ​មាន​​តុល្យភាព​ជាង​មុន​។

នៅក្នុងកិច្ចប្រជុំថ្ងៃដដែលនោះ លោក ហេ លីហ្វីង ឧបនាយករដ្ឋមន្ត្រីចិន​ បាននិយាយថា ប្រទេសចិនសង្ឃឹមថា បារាំងអាច «រក្សាស្ថិរភាព»នៃទំនាក់ទំនង​សហភាព​អឺរ៉ុប​-ចិន​ខណៈដែលទីក្រុងប៉េកាំង​មានឆន្ទៈក្នុងការធ្វើពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយទីក្រុងប៉ារីស​ក្នុងវិស័យមួយចំនួនដូចជា ​ហិរញ្ញវត្ថុ​ព្រម​ទាំង​វិទ្យា​សាស្ត្រ​ និង​នវានុវត្តន៍​បច្ចេក​វិទ្យា​។ លោក បាន​បន្ថែម​ថា ប្រទេស​ចិន​ជឿ​ថា ទំនាក់​ទំនង​ទ្វេភាគីរបស់​ចិន​និង​​បារាំង​មាន​មូល​ដ្ឋាន​គ្រឹះល្អ​មួយ​។

មន្ត្រីអឺរ៉ុបបាននិយាយជារឿយៗថា ពួកគេមិនចង់ផ្ដាច់​ខ្លួនចេញ​ពីប្រទេសចិនទេ ប៉ុន្តែ​គឺ​គ្រាន់​តែ​«ចង់​កាត់បន្ថយហានិភ័យ»​នៅក្នុង​ការ​ប្រឈមមុខ​​ទៅ​នឹង​​អ្វី ដែលក្រុមប្រទេស​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ទាំង៧​​ (ជី៧)ហៅថាជា​«ការបង្ខិតបង្ខំសេដ្ឋកិច្ច»​របស់ប្រទេសចិនតែប៉ុណ្ណោះ។​

លោក ឡឺមែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង បាន​និយាយ​ថា ការ​កាត់​បន្ថយ​​ហានិភ័យ​មិន​មែន​មាន​ន័យ​ថា​ប្រទេស​ចិនគឺ​​ជា​ហានិភ័យ​នោះ​ទេ ​ប៉ុន្តែ​គឺមាន​ន័យ​ថា អឺរ៉ុបចង់​បាន​ឯករាជ្យជាងមុន និង​មិនចង់ប្រឈមមុខ​នឹងហានិភ័យណាមួយ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ​ឡើយ​ប្រសិនបើមានវិបត្តិថ្មីណា​មួយ​កើត​ឡើង ​​ដូចជាជំងឺ​កូវីដ​១៩ជាដើម ​​ដែល​ធ្វើឱ្យខូច​​ទាំង​ស្រុង​នូវ​ខ្សែចង្វាក់តម្លៃមួយចំនួន។​

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត​ទី៣របស់​បារាំងប៉ុន្តែ ក្រុមហ៊ុនបារាំងមួយចំនួន​មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ពួកគេអាចជាប់នៅក្នុងស្ថាន​ភាព​​នៃ​ការប្រកួត​ប្រជែងគ្នា​កាន់​តែ​ខ្លាំង​ឡើង​រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលជាមហាអំណាចសេដ្ឋកិច្ច​ពិភពលោក​ទាំង​២​។

លោក ហេ លីហ្វេង ឧបនាយករដ្ឋមន្ត្រីចិន បានអះអាងដែរថា កិច្ចសន្ទនារវាងចិន និងបារាំងនេះ ជា "សញ្ញាវិជ្ជមាន ដែលថាប្រទេសចិន និងបារាំងនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម​និងបញ្ចូលស្ថេរភាពទៅក្នុងពិភពលោក​ដែលមិនច្បាស់លាស់" ខណៈដែលស្ថានភាពមិនច្បាស់លាស់នេះ កំពុងវិវត្តយ៉ាងលឿន​ទៅរក​អស្ថិរភាព និងភាពមិនប្រាកដប្រជា ដែលគេមិនធ្លាប់​បានឃើញក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ៕ .

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


មនុស្សជំនិតលោកពូទីន ព្រមានជាថ្មីទៀតថា រុស្ស៊ីនឹងប្រើប្រាស់នុយក្លេអ៊ែរ ក្រោយរដ្ឋធានីម៉ូស្គូរងការវាយប្រហារដោយអ៊ុយក្រែន

អតីតប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី មេដវេដេវ ជាអ្នកដែលតែងតែលើកឡើងពីសេណារីយ៉ូនុយក្លអ៊ែរចំពោះសង្គ្រាមនៅអ៊ុយក្រែននោះ បាននិយាយនៅក្នុងសារមួ…

ទីក្រុងប៉េកាំងថា ជំនួយអាមេរិកកំពុងប្រែក្លាយតៃវ៉ាន់ជាឃ្លាំងគ្រាប់រំសេវ ហើយអាចនឹងផ្ទុះបានគ្រប់ពេល

ប្រទេសចិនកាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជាឃ្លាំងផ្ទុកគ្រាប់រំសេវ និងអាចផ្ទុះគ្រាប់ពេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ