
លោក រ៉ន រ៉ប កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យបានលើកឡើងថា បច្ចុប្បន្នដំឡូងមីស្រស់នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃ១១០រៀលទៅ១២០រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតអាចលក់បានក្នុងតម្លៃពី៤០០ទៅ៥០០រៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃដំឡូងមីបច្ចុប្បន្ននៅមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់រូបលោក និងកសិករឯទៀតនោះទេ ពោលគឺលុះត្រាតែដំឡូងមីស្រស់ឡើងដល់៣០០រៀល និងដំឡូងមីស្ងួតហក់ដល់៨០០រៀលក្នុង១គីឡូក្រាមទើបអាចផ្តល់ប្រាក់ចំណេញដល់កសិករ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យក្រុមហ៊ុនកែច្នៃក្នុងស្រុកជួយប្រមូលទិញដំឡូងមីពីកសិករនៅតំបន់របស់លោក គ្រាន់ទទួលបានប្រាក់ចំណូលខ្លះក្នុងការដោះស្រាយជីវភាព។
ជាមួយគ្នានេះលោក នួន ណារិន្ទដា កសិករដាំដំឡូងមីម្នាក់នៅខេត្តឧត្តរមានជ័យដែរនោះបានរៀបរាប់ថា លោកមិនទាន់អាចទៅមើលថែ និងប្រមូលផលដំឡូងមីរបស់លោកលក់នៅឡើយទេ ដោយសារលោកកំពុងភៀសសឹកទៅរស់នៅតំបន់មានសុវត្ថិភាព។ បើតាមការអះអាងរបស់កសិកររូបនេះ មានអ្នកដាំដំឡូងមីជាច្រើនរូបទៀត ក៏មិនទាន់អាចទៅប្រមូលផលដំឡូងមី ហើយឈ្មួញក៏មិនទាន់ហ៊ានចុះមកប្រមូលទិញដំឡូងមីនៅតំបន់របស់លោកដូចគ្នាដែរ។
ពាក់ព័ន្ធទីផ្សារដំឡូងមីនេះដែរ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានអះអាងថា បច្ចុប្បន្នដំឡូងមីស្រស់អាចលក់បានក្នុងតម្លៃក្រោម២០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ដែលជាតម្លៃមួយមិនអាចផ្ដល់ប្រាក់ចំណេញដល់កសិករបាននោះទេ។ បើតាមការយល់ឃើញរបស់ប្រធានសមាគមរូបនេះ ដើម្បីអាចជួយឱ្យអ្នកដាំដំឡូងមីមានជីវភាពល្អប្រសើរ ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអ្នកមានទ្រព្យធនគួរបង្កើតរោងចក្រកែច្នៃ និងទីតាំងស្កុកដំឡូងមីឱ្យបានច្រើនបន្ថែមទៀត ពិសេសត្រូវផលិតពូជដំឡូងមីដោយខ្លួនឯង និងកាត់បន្ថយការប្រើប្រាស់ពូជដំឡូងមីពីក្រៅស្រុក។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៥ ការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៤១៧លានដុល្លារធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង៤៨៤លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទដោយ៖ ជា ម៉ារ៉ា