ទីផ្សារដំឡូងមី

ដំឡូងមីស្រស់បន្តធ្លាក់ថ្លៃហៅលេងលឺមកនៅត្រឹម១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម


កសិករដាំដំឡូងមី កំពុងប្រឈមនឹងការខាតបង់ ក្រោយដំឡូងមីស្រស់ធ្លាក់ថ្លៃហៅលេងលឺមកនៅត្រឹមចន្លោះពី១១០រៀលទៅ១២០រៀលក្នុង១គីឡូក្រាម ខណៈកសិករកំពុងដង្ហោយឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ។ ទោះបីមានក្តីសង្ឃឹមតិចក្តី តែក្រុមកសិកររំពឹងថា ដំឡូងមីស្រស់នឹងអាចហក់ឡើងដល់៣០០រៀលក្នុង១គីឡូក្រាមនាពេលដ៏ខ្លីខាងមុខ ដែលជាតម្លៃមួយអាចផ្តល់ប្រាក់ចំណេញដល់ពួកគេគ្រាន់ដោះស្រាយជីវភាព និងបំណុលផ្សេងៗ។ តើមានកត្តាអ្វីធ្វើឱ្យដំឡូងមីស្រស់ធ្លាក់ខ្លាំងយ៉ាងដូច្នេះ?
ទីផ្សារដំឡូងមី
ដោយ

លោក រ៉ន រ៉ប កសិករដាំដំឡូងមី នៅខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្នដំឡូងមីនៅតំបន់របស់លោកមិនទាន់ឡើងថ្លៃនោះទេ ដោយអាចលក់បានចន្លោះ១១០រៀលទៅ១២០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ សម្រាប់ដំឡូងមីស្រស់ ខណៈដំឡូងស្ងួតអាចលក់បាន៥៥០រៀលក្នុងមួយគីឡូក្រាម។ បើតាមកសិកររូបនេះ តម្លៃដំឡូងមីស្រស់បច្ចុប្បន្នជាតម្លៃមួយទាប ដែលអាចធ្វើឱ្យលោកប្រឈមនឹងការខាតបង់ តែយ៉ាងណាលោករំពឹងថា តម្លៃដំឡូងមីស្រស់នឹងអាចហក់ដល់៣០០រៀលក្នុង១គីឡូក្រាមនាពេលខាងមុខ។

​មិនខុសគ្នាពីកសិករខាងលើនោះទេ លោក ប្រ៉ុក ប៉្រុម កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យម្នាក់ដែរនោះបានលើកឡើងថា បច្ចុប្បន្នតម្លៃដំឡូងមីស្រស់បានធ្លាក់ថ្លៃមកនៅចន្លោះពី១១០រៀលទៅ១២០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីប៉ុន្មានខែមុនអាចលក់បានចន្លោះពី១៥០រៀលទៅ១៦០រៀលក្នុងមួយគីឡូក្រាម​។ កសិកររូបនេះរំពឹងថា តម្លៃដំឡូងមីស្រស់អាចលក់បាន២០០រៀល និងស្ងួតលក់បាន៦៥០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាមនាពេលដ៏ខ្លីខាងមុខនេះ។

​ជាមួយគ្នានេះលោក នួន ណារិន្ទដា កសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យម្នាក់ដែរនោះបានអះអាងថា កាលពីឆ្នាំមុនលោកបានបង្ខំចិត្តលក់ដំឡូងមីស្រស់ទាំងខាតដើម ដែលកត្តានេះបានជំរុញឱ្យលោកកាត់បរិមាណដាំដំឡូងមីនៅឆ្នាំនេះ ព្រោះលោកខ្លាចខាតច្រើនដូចឆ្នាំមុន។ ដោយសារមិនចង់ទ្រាំទ្រជាមួយនឹងការខាតបន្តទៀត កសិកររូបនេះនឹងផ្លាស់ប្តូរទៅដាំដំណាំស្វាយចន្ទីវិញនៅឆ្នាំក្រោយ ត្បិតវាមានទីផ្សារល្អ និងងាយស្រួលក្នុងការមើលថែ។

​ដោយឡែក លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានលើកឡើងថា កត្តាដែលនាំឱ្យដំឡូងមីស្រស់ធ្លាក់ថ្លៃ ដោយសារពេលនេះចូលដល់រដូវមានភ្លៀងធ្លាក់ ដែលអាចធ្វើឱ្យពូជដំឡូងមីមួយចំនួនរបស់កសិករបាត់បង់ជាតិម្សៅខ្ពស់។ តែយ៉ាងណាតម្លៃដំឡូងមីស្ងួតនៅថ្មីៗនេះ នៅតែរក្សាបានឱ្យតម្លៃថេរ ដោយនៅតំបន់ខ្លះហក់ឡើងថ្លៃផងដែរ។ លោក ស៊ីន វុទ្ធី កត់សម្គាល់ឃើញថា បច្ចុប្បន្នកសិករបានកាត់បន្ថយការដាំដុះដំឡូងមីមានច្រើនអាចរហូតដល់៦០% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

​បើតាមការអះអាងរបស់ក្រុមកសិករ នៅឆ្នាំនេះពួកគេបានកាត់បន្ថយការដាំដំណាំដំឡូងមីស្ទើរពាក់កណ្ដាលនៃផ្ទៃដី ដោយជំនួសមកដាំដំណាំផ្សេង។ ជាមួយគ្នានេះពួកគេ សំណូមពរដល់រដ្ឋាភិបាលជួយស្វែងរកទីផ្សារដំឡូងមីឱ្យបានច្រើន ដើម្បីជួយឱ្យពួកគេមានកម្លាំងចិត្តដាំដុះបន្តទៀត៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន គ្រោងម៉ៅចម្ការទុរេនក្នុងសហគមន៍ទុរេនបែកអន្លូង ដើម្បីនាំចេញទៅទីផ្សារចិន

ក្រោយរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន ម្ចាស់ចម្ការ និងក្រុមហ៊ុនកែច្នៃ និងវ…

ធនាគារ មេយប៊ែង និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចុះអនុស្សរណៈនៃការយោគយល់ លើកម្មវិធីជំរុញការអភិវឌ្ឍន៍យុវជន និងកីឡានៅប្រទេសកម្ពុជា

ធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី (ធនាគារ មេយប៊ែង ខេមបូឌា) នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ សហភាពសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ