ការស៊ើបអង្កេតរបស់អ្នកសារព័ត៌មាន the New York Editorial ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានរកឃើញថា ការឆ្លើយតបរបស់ប្រទេសថៃ លើជម្លោះព្រំដែន បានកំពុងរំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ យ៉ាងច្បាស់ក្រឡែត។
ប្រភពដដែលនេះ បានអះអាងថា ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើង ក្រោយប្រទេសកម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមកអស់រយៈពេលប្រមាណជាជា៩ខែ ជុំវិញជម្លោះព្រំដែន ដោយផ្អែកលើសេចក្តីរាយការណ៍របស់សារព័ត៌មាន និង ស្ថាប័នវិភាគអន្តរជាតិធំៗជាង ៨០ ស្ថាប័ន ។
ប្រភពដដែលបានឲ្យដឹងថា ការស៊ើបអង្កេតនេះ គឺផ្តោតនៅលើភាពស្របច្បាប់ នៃអ្វីដែលភាគីនីមួយៗបានធ្វើ និងប្រកាន់យក លើចំណាត់ការដោះស្រាយបញ្ហាព្រំដែន ដែលមានប្រវែងប្រមាណជាង ៨០០គីឡូម៉ែត្រ ខណៈការផ្ទុះសង្គ្រាមប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកន្លងមកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៩នាក់ ហើយជនស៊ីវិលយ៉ាងហោចណាស់ ៦៤ ម៉ឺននាក់ ត្រូវបានបង្ខំឲ្យគេចខ្លួនស្វែងរកជម្រកមានសុវត្ថិភាព ។
ដំបូងឡើយមជ្ឈដ្ឋានអន្តរជាតិមួយចំនួនគិតថា ជម្លោះនេះវាកើតឡើងដោយសារតែការ ញុះញង់ពីភាគីកម្ពុជា ហើយមានការគិតអគតិខ្លះ ចំពោះកម្ពុជាតាមអ្វីដែលថៃនិយាយថា កម្ពុជាមានទំនាក់ទំនងនឹងបណ្តាញឧក្រិដ្ឋកម្មអនឡាញ ដែលមានការឆបោកប្រាក់រហូតដល់ទៅជាង ១២ពាន់លានដុល្លារ ហើយមានជនរងគ្រោះជាង១០ម៉ឺននាក់ជាដើម ប៉ុន្តែទាំងអស់នោះមិនមែនជារឿងរ៉ាវពិតនៃការផ្ទុះសង្គ្រាមនោះឡើយ ។
អត្ថបទរបស់ the New York Editorial បានអះអាងថា នៅពេលដែលជម្លោះផ្ទុះឡើង ក្រោយពេលដែលថៃយកលេសទាហានជាន់មីន បង្កសង្រ្គាមលើកម្ពុជា ដោយប្រើប្រាស់អាវុធសុទ្ធតែគ្រោះថ្នាក់ ពោលគឺយន្តហោះទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជា និង ប្រើប្រាស់ប្រភេទគ្រាប់បែកចង្កោមនៅកន្លែងដែលពលរដ្ឋស៊ីវិលរស់នៅជាដើម។
ប្រភពដដែលនេះ បានបន្តទៀតថា ការយកមីនជាលេស គឺមិនអាចជាសក្ខីកម្ម ត្រឹមត្រូវស្របច្បាប់នៃការឈ្លានពានដីគោករបស់ថៃមកលើកម្ពុជាបានឡើយ ប៉ុន្តែវិនាសកម្មពីអាវុធយុទ្ធភ័ណ្ឌ ដែលថៃប្រើប្រាស់ទេ ដែលជាសក្ខីកម្មនៃបទល្មើសសង្រ្គាមឈ្លានពាន របស់ថៃមកលើកម្ពុជា ។
ក្រៅពីអាវុធយុទ្ធភ័ណ្ឌចេញ ចំណាត់ការដែលថៃបានធ្វើដូចជាការរារាំងការនាំចេញប្រេងឥន្ធនៈ ការរិតបន្តឹងតាមសមុទ្រ ការកាត់ផ្តាច់ទូរគមនាគមន៍ គឺសុទ្ធសឹងតែជាបញ្ហាខុសច្បាប់ ។ ដោយឡែក ការវាយប្រហារដោយការទម្លាក់គ្រាប់បែកតាមអាកាសចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពកម្ពុជាក៏ខុសច្បាប់ផងដែរ ។
ប្រភពដដែលនោះលើកឡើងថា ធម្មនុញ្ញអង្គការសហប្រជាជាតិបានចែងថា ការប្រើប្រាស់កម្លាំងប្រឆាំង នឹងរដ្ឋអធិបតេយ្យមួយផ្សេងទៀត ត្រូវបានហាមឃាត់ លើកលែងតែមានការអនុញ្ញាតពី ក្រុមប្រឹក្សាសន្តិសុខ ឬការវាយប្រហារដើម្បីការការពារខ្លួន ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ថៃកំពុងខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដោយសារថៃ វាយប្រហារកម្ពុជា ដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ ហើយកម្ពុជាក៏មិនបានវាយប្រហារដោយអាវុធណា ដែលគំរាមកំហែងដល់ថៃធ្ងន់ធ្ងរឡើយ ។
ដោយឡែក អ្វីដែលថៃកំពុងតែព្យាយាមយករឿងឧក្រិដ្ឋកម្មអនឡាញ មកបិទបាំងអំពើឈ្លានពានខ្លួនក៏ខុសច្បាប់ដែរ ពីព្រោះមជ្ឈមណ្ឌលបោកប្រាស់ទាំងនោះ មិនមែនជាការគំរាមកំហែងប្រដាប់អាវុធឡើយ អ្វីដែលថៃអាចធ្វើបាន គឺមានតែដំណោះស្រាយផ្នែកច្បាប់ ទណ្ឌកម្ម និង យន្តការតុលាការ មិនអាចយកយន្តហោះ និងអាវុធយុទ្ធសាស្រ្តមកវាយប្រហារបានឡើយ៕
ដោយៈ សរ សុជាតិ