ឧស្សាហកម្មនេសាទ

វិបត្តិប្រេងឥន្ធនៈកំពុងសម្លាប់ឧស្សាហកម្មនេសាទថៃតម្លៃ៧ពាន់លានដុល្លារឱ្យជិតគាំងដំណើរការ


ឧស្សាហកម្មនេសាទដ៏មហិមារបស់ប្រទេសថៃ ដែលមានតម្លៃរាប់ពាន់លានដុល្លារកំពុងស្ថិតក្នុងស្ថានភាពដង្ហក់ និងប្រឈមនឹងការគាំងដំណើរការទាំងស្រុង ដោយសារតែវិបត្តិថាមពលសកល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express អ្នកនេសាទថៃបានព្រមានថា ទូកនេសាទរាប់ពាន់គ្រឿងនឹងត្រូវបង្ខំចិត្តបញ្ឈរចោលក្នុងពេលឆាប់ៗនេះ ប្រសិនបើគ្មានអន្តរាគមន៍បន្ទាន់ពីរដ្ឋាភិបាល ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់កប់ពពក ក្រោយផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា។
ឧស្សាហកម្មនេសាទ
ដោយ

ភាពស្ងប់ស្ងាត់ខុសធម្មតាកំពុងគ្របដណ្ដប់លើកំពង់ផែនេសាទធំបំផុតរបស់ថៃ ក្នុងខេត្តសាមុតសាខន ដោយបច្ចុប្បន្នទូកនេសាទជាងពាក់កណ្តាលត្រូវបានចតចោលរួចជាស្រេច ហើយទូកដែលនៅសេសសល់ ត្រូវបានគេរំពឹងថា នឹងឈប់ដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក ជុំភូល កាណាវ៉ារី (Jumpol Kanawaree) ប្រធានសមាគមអ្នកនេសាទនៅខេត្តសាមុតសាខនបានអះអាងថា ចាប់ពីថ្ងៃទី១ ខែមេសា តទៅ ថៃអាចនឹងលែងមានត្រីសមុទ្រទទួលទានទៀតហើយ ពីព្រោះអ្នកនេសាទលែងអាចទ្រាំទ្រនឹងការចំណាយលើការចេញទូកទៅនេសាទបន្តទៀតបាន ក្រោយតម្លៃប្រេងម៉ាស៊ូតហក់ឡើងខ្ពស់កប់ពពក។

នៅពេលនេះតម្លៃប្រេងម៉ាស៊ូតនៅថៃបានហក់ឡើងដល់១,១៩ដុល្លារក្នុងមួយលីត្រ ហើយបើវាឡើងដល់មួយលីត្រ១,៥០ដុល្លារនោះអ្នកនេសាទលែងចេញទូកតែម្តង។ តែយ៉ាងណាតម្លៃនេះ នៅទាបជាងតម្លៃប្រេងម៉ាស៊ូតនៅកម្ពុជានៅឡើយទេ។ លោក ជុំភូល បានបញ្ជាក់ថា វិបត្តិប្រេងលើកនេះធ្វើឱ្យអ្នកនេសាទពិបាកដកដង្ហើមជាងសម័យកូវីដ-១៩ ទៅទៀត ព្រោះក្រៅពីប្រេងថ្លៃ ធនធានត្រីក្នុងសមុទ្រក៏កាន់តែខ្សត់ទៅៗ។

ឧស្សាហកម្មនេសាទរបស់ថៃមានតម្លៃសរុបប្រមាណ៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយនាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអាម៉េរិក ជប៉ុន និងចិន។ ដោយឡែកគ្រាន់តែផ្សារត្រីនៅសាមុតសាខនមួយអាចផ្គត់ផ្គង់ត្រីបានរហូតដល់ទៅ៨០០តោនក្នុងមួយថ្ងៃ។

ទាក់ទងនឹងបញ្ហាដ៏ក្ដៅគគុកនេះ ក្រសួងហិរញ្ញវត្ថុថៃបានអះអាងថា រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់រៀបចំកញ្ចប់ថវិកាសង្គ្រោះ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកនេសាទ និងទប់ស្កាត់ការឡើងថ្លៃទំនិញនៅលើទីផ្សារបន្ថែមទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្ថានភាពសង្គ្រាមនៅជម្ឈិមកាន់តែអាក្រក់ ក្រោយក្រុមហ៊ូធីបើកការវាយប្រហារលើអ៊ីស្រាអែល ខណៈកងទ័ពម៉ារីនអាម៉េរិកទៅដល់សមរភូមិ

ហានិភ័យ នៃសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាកាន់តែខិតជិតមកដល់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបើកការវាយ…

BYD Ti7 សម្ពោធដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក កម្ពុជាទទួលបានមុនគេ

រថយន្ត SUV បច្ចេកវិទ្យាទំនើប លំហធំទូលាយស៊េរីថ្មី BYD Ti7 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ២៧ ខែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ