លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា បញ្ហាតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់កំពុងក្លាយជាបញ្ហាចោទសម្រាប់ពិភពលោក ក៏ដូចជាកម្ពុជា ដែលកត្តានេះបានជំរុញឱ្យពលរដ្ឋមួយចំនួនបានរិះរកវិធីក្នុងការការផលិតសាំងចេញពីកាកសំណល់ផ្សេងៗដោយខ្លួនឯងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ជាក់ស្ដែង មានពលរដ្ឋចំនួនបានកែច្នៃឧបករណ៍ផលិតប្រេងសាំង និងម៉ាស៊ូតចេញពីកាកសំណល់ប្លាស្ទិកសម្រាប់បម្រើការប្រើប្រាស់ប្រចាំថ្ងៃ។ តែយ៉ាងណាប្រេងសាំង និងម៉ាស៊ូតដែលផលិតចេញពីប្លាស្ទិកមិនមានគុណភាពល្អដូចប្រេងសាំង និងម៉ាស៊ូតដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈនោះទេ។ អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលគួរតែផ្តល់ការលើកទឹកចិត្ត និងបច្ចេកទេសគាំទ្រដល់អ្នកដែលមានសមត្ថភាពអាចផលិតប្រេងសាំង និងម៉ាស៊ូតបានដោយខ្លួនឯងក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិថាមពលនាពេលបច្ចុប្បន្ននេះ។
ស្រដៀងគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា រដ្ឋាភិបាលគួរតែចុះត្រួតពិនិត្យដោយផ្ទាល់ដល់ទីតាំងផលិត ដើម្បីសិក្សាពីចំណុចខ្វះខាត និងជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋដែលអាចផលិតប្រេងឥន្ធនៈចេញពីកាកសំណល់ប្លាស្ទិកទាំងនោះ។ លោកបណ្ឌិតបានបន្ថែមថា រដ្ឋគួរពិចារណាលើការផ្តល់ប្រាក់ឧបត្ថម្ភធន ឬជំនួយសម្ភារៈបច្ចេកទេស ដើម្បីប្រែក្លាយការច្នៃប្រឌិតលក្ខណៈគ្រួសារឱ្យទៅជាចំណែកមួយ នៃការដោះស្រាយវិបត្តិថាមពល។
ទន្ទឹមគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា នៅក្នុងកាលៈទេសៈវិបត្តិប្រេងឥន្ធនៈលើសកលលោកនេះ ទីកន្លែងណា ដែលមានពលរដ្ឋអាចកែច្នៃផលិតប្រេងសាំងម៉ាស៊ូតបានដោយខ្លួនឯង រដ្ឋគួរតែមានគោលនយោបាយលើកទឹកចិត្ត និងផ្តល់បច្ចេកទេសដល់ពួកគេ ដើម្បីបង្កើតជាខ្សែច្រវាក់ផលិតកម្មខ្នាតតូចនាពេលអនាគត។
គួររំលឹកថា កន្លងមកមានពលរដ្ឋនៅខេត្តបាត់ដំបងម្នាក់បានជោគជ័យក្នុងការច្នៃសំរាមប្លាស្ទិកទៅជាប្រេងសាំង ដែលអាចប្រើប្រាស់បានសម្រាប់ម៉ូតូ គោយន្ត និងម៉ាស៊ីនបូមទឹក។ អ្នកជំនាញយល់ឃើញថា នេះគឺជារបត់ថ្មីដ៏សំខាន់ ដែលទាមទារឱ្យមានការតម្រង់ទិសពីរដ្ឋាភិបាល ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងការប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយសម្រាប់សង្គមជាតិទាំងមូល៕
អត្ថបទ៖ ជា ម៉ារ៉ា