សន្តិសុខថាមពល

G7 ប្រកាសជួយការពារសន្តិសុខថាមពលសកល ចំពេលលោក ត្រាំ ព្រមានវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់


ស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឈានដល់ចំណុចដ៏គ្រោះថ្នាក់បំផុតសម្រាប់ទីផ្សារប្រេងឥន្ធនៈ និងថាមពល ដែលធ្វើឱ្យក្រុមប្រទេសឧស្សាហកម្មឈានមុខទាំង៧ ឬ G7 ត្រៀមចាត់វិធានការការពារការផ្គត់ផ្គង់ថាមពលសកល និងធានាសន្តិសុខនាវាចរណ៍នៅច្រកសមុទ្រ Hormuz។ ការត្រៀមជួយអន្តរាគមន៍នេះធ្វើឡើងស្របពេលដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានដាក់ឱសានវាទកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ បើក្រុងតេអេរ៉ង់នៅតែបន្តបិទច្រកសមុទ្រដ៏សំខាន់មួយនេះ។
សន្តិសុខថាមពល
ដោយ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 រួមមានសហរដ្ឋអាម៉េរិក អង់គ្លេស ជប៉ុន អ៊ីតាលី អាល្លឺម៉ង់ បារាំង និងកាណាដា រួមទាំងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលក្នុងតំបន់។ ក្រុមប្រទេស G7 បានបញ្ជាក់ថា ពួកគេនឹងមិននៅស្ងៀមឡើយចំពោះសកម្មភាពណា ដែលរំខានដល់លំហូរពាណិជ្ជកម្ម និងថាមពលពិភពលោក។

កាលពីថ្ងៃទី២២ ខែមីនា ស្ថានការណ៍បានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារសងសឹកលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីស្រាអែល បណ្តាលឱ្យមនុស្សជាង ១០០នាក់រងរបួស ជាការឆ្លើយតបនឹងអ៊ីស្រាអែល ដែលបានវាយប្រហារលើរោងចក្រប្រេងរបស់ខ្លួន។

ក្នុងកាលៈទេសៈដ៏តានតឹងនេះលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា បើអ៊ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ អាម៉េរិកនឹងកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ឱ្យក្លាយជាផេះផង់។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានគំរាមវិញថា បើមានការវាយប្រហារមកលើខ្លួនមែននោះ រោងចក្រថាមពលទាំងអស់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ក៏នឹងក្លាយជាគោលដៅវាយប្រហាររបស់ខ្លួនដូចគ្នាដែរ។

ជុំវិញការគំរាមកំហែងកម្ទេចប្រភពថាមពលគ្នាទៅវិញទៅមកនេះ អ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា តម្លៃប្រេងឆៅសកលអាចនឹងហក់ឡើងខ្ពស់មិនធ្លាប់មានចន្លោះពី១៥០ ទៅ២០០ដុល្លារក្នុងមួយបារ៉ែល ដែលនឹងបង្កជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទូទាំងសកលលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


គណៈកម្មាធិការព្រឹទ្ធសភាថៃ ត្រៀមបោះឆ្នោតលុបចោល MoU ឆ្នាំ២០០០ ជាមួយកម្ពុជា

ភាពចម្រូងចម្រាសរឿងព្រំដែនរវាងថៃ និងកម្ពុជា កំពុងឈានដល់ដំណាក់កាលតានតឹងថ្មីមួយ ដោយគណៈកម្មាធិការព្រឹទ្ធសភាថៃ នឹងបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ