ឯកឧត្តម ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា ត្រូវបានគេមើលឃើញថា ជាបុគ្គលសំខាន់មួយរូប ដែលបានរួមចំណែកជួយឱ្យមានការចុះហត្ថលេខាលើបទឈប់បាញ់បន្ទាន់មួយ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា និងថៃ ដែលបានអូសបន្លាយអស់រយៈពេល២១ថ្ងៃ។
ឯកឧត្តម បានដឹកនាំក្រុមលេខាធិការ GBC កម្ពុជា ទៅជួបចរចាយ៉ាងស្វិតស្វាញជាមួយក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅថៃ អស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ការបង្ហាញវត្តមានក្នុងជំនួបចរចាដោយផ្ទាល់ជាមួយភាគីថៃនេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ជាពិសេសចំពោះដំណើរដ៏ស្វាហាប់ និងទឹកមុខដ៏មុតមាំក្នុងអំឡុងពេលចរចាទល់មុខជាមួយភាគីថៃ។
តើឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានលេខាធិការ GBC កម្ពុជា ជានរណា និងមានប្រវត្តិសិក្សា និងការងារអ្វីខ្លះ?
ឯកឧត្តម ញ៉ែម បូរ៉ាដែន ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួរកងយោធពលខេមរភូមិន្ទ និងជាបញ្ញវន្តយោធាដ៏លេចធ្លោមួយរូបនៅកម្ពុជា។ ក្រៅពីតំណែងជាប្រធានលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅ បច្ចុប្បន្នឯកឧត្តម ជានាយករងមន្ទីរអប់រំចិត្តសាស្ត្រ នៃក្រសួងការពារជាតិ និងជាសាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រយោធា និងប្រវត្តិសាស្ត្រ។ ហើយ ឯកឧត្តម ក៏ជាគ្រូបង្រៀននៅវិទ្យាស្ថានអន្តរជាតិ និងគោលនយោបាយសាធារណៈ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើមុខវិជ្ជាទ្រឹស្តីទំនាក់ទំនងអន្តរជាតិ និងសន្តិសុខអន្តរជាតិ។
ងាកទៅមើលប្រវត្តិនៃការសិក្សាឯណោះវិញ ក៏មិនធម្មតានោះដែរ ឯកឧត្តម អាចចាត់ទុកជាមន្ត្រីយោធា ដែលមានចំណេះដឹងជ្រៅជ្រះ និងខ្ពង់ខ្ពស់ម្នាក់ខាងផ្នែកវិស័យយោធា និងទំនាក់ទំនងអន្តរជាតិ។ ឯកឧត្តម បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិនៅសកលវិទ្យាល័យ Delaware សហរដ្ឋអាម៉េរិក, បានបញ្ចប់វគ្គបញ្ជាការ និងសេនាធិការនៅសាលាបញ្ជាការ និងសេនាធិការកងទ័ពជើងគោកអាម៉េរិក និងបរិញ្ញាបត្រជាន់ខ្ពស់សិក្សាយុទ្ធនាការតាមប្រវត្តិសាស្ត្រយោធា, បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាបារាំង លូមែរ លីយ៉ុង ២ (Lumiére Lyon 2) និងសាកលវិទ្យា Delaware របស់អាម៉េរិក ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។ លើសពីនេះ ឯកឧត្តម បានបញ្ជប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Delaware របស់សហរដ្ឋអាម៉េរិកផដែរ។
ក្រៅពីបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ ឯកឧត្តម ញ៉ែម បូរ៉ាដែន ក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូបផងដែរ ដោយមកទល់ពេលនេះ ឯកឧត្តម និពន្ធសៀវភៅបានជាច្រើនចំណងជើងដោយមានទាំងជាភាសាអង់គ្លេស និងខ្មែរ ដែលផ្ដោតលើប្រវត្តិសាស្ត្រយោធាកម្ពុជា និងបញ្ហាសន្តិសុខតំបន់។ សៀវភៅក្រោមស្នាដៃនិពន្ធរបស់ ឯកឧត្តម ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសសៀវភៅ«កំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព» ដែលនិយាយពីរឿងរ៉ាវសង្គ្រាម និងការស្វែងរកសន្តិភាពនៅកម្ពុជា។
សរុបជារួមឯកឧត្តម ញ៉ែម បូរ៉ាដែន អាចចាត់ទុកជាធនធានមនុស្សដ៏សំខាន់មួយរូបក្នុងការពន្យល់ និងផ្សព្វផ្សាយអំពីគោលនយោបាយការពារជាតិរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងវេទិកាតម្កើងសន្តិសុខ និងកិច្ចពិភាក្សានានា៕