
សារព័ត៌មាន Telegraph បានរាយការណ៍ថា អាជ្ញាធរក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បានជម្លៀសមនុស្សយ៉ាងហោចណាស់២ម៉ឺននាក់ចេញពីលំនៅឋាន និងកន្លែងធ្វើការទាំងបង្ខំ ក្រោយសង្កាត់ដ៏មមាញឹកនេះបានរកឃើញសំណល់គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ទម្ងន់ប្រមាណ១០០គីឡូក្រាមនៅក្រោមទឹក។ អាជ្ញាធរទីក្រុងប៊ែរឡាំងបានប្រាប់ប្រជាពលរដ្ឋថា គ្រាប់បែកដែលបានរកឃើញក្នុងទន្លេនៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ដ៏មមាញឹកនេះ ជាគ្រាប់បែកដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី២នាទសវត្សរ៍ឆ្នាំ១៩៤០។
ប្រជាពលរដ្ឋអាល្លឺម៉ង់ អ្នកទេសចរ មន្រ្តីរដ្ឋាភិបាល និងបុគ្គលិកស្ថានទូតត្រូវបានជូនដំណឹងឲ្យចាកចេញពីតំបន់នោះយ៉ាងហោចណាស់ឱ្យបាន៥០០ម៉ែត្រ រហូតដល់ក្រុមអ្នកជំនាញអាចដោះបន្សាបគ្រាប់បែកនេះដោយសុវត្តិភាព ខណៈគ្រាប់បែកនេះស្ថិតក្នុងជម្រៅរហូតដល់៤ម៉ែត្រ ជាលក្ខខណ្ឌដែលពិបាកនឹងដោះបន្សាប។
គួររំលឹកថា កាលពីដើមឆ្នាំនេះនៅទីក្រុងកូឡូញ (Cologne) អាជ្ញាធរអាល្លឺម៉ង់នៅក្នុងទីក្រុងនោះ ក៏បាន ជម្លៀសអ្នកស្រុកជាង២ម៉ឺននាក់ចេញផងដែរ ក្រោយប្រទះឃើញគ្រាប់បែកជំនាន់សង្រ្គាមលោកលើកទីពីរ ចំនូន៣គ្រាប់នៅការដ្ឋានសំណង់មួយកន្លែង៕