ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានអះអាងថា វិស័យដឹកជញ្ជូននៅពេលនេះកំពុងទទួលរងផលប៉ះពាល់ ដោយភាគីពាក់ព័ន្ធកំពុងពិភាក្សាដំឡើងថ្លៃដឹកជញ្ជូន ដោយសារតែថ្លៃដើមចំណាយខ្ពស់ទៅលើប្រេងឥន្ធនៈ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ និងកប៉ាល់ដឹកជញ្ជូនអន្តរជាតិ ក៏បានប្រកាសដំឡើងថ្លៃជាបន្តបន្ទាប់ និងឈានដល់មិនទទួលដឹកជញ្ជូនឆ្ពោះទៅតំបន់មជ្ឈិមបូព៌ាផងដែរ។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប៉ុន្មានថ្ងៃកន្លងមកនេះ បានជំរុញឱ្យតម្លៃដឹកជញ្ជូនមានការកើនឡើងចម្លោះពី១០ ទៅ១៥% រួចទៅហើយ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ដោយសាតែតម្លៃប្រេងកើនឡើងខ្ពស់ជាបន្តបន្ទាប់ ក្រុមហ៊ុនដឹកជញ្ជូនចាប់ផ្តើមដំឡើងថ្លៃជាបណ្តើរៗហើយ។ យ៉ាងណាមិញលោកបានព្រមានថា ប្រសិនបើតម្លៃប្រេងឥន្ធនៈសកលនៅតែបន្តកើនឡើង ចង់ឬមិនចង់វិស័យដឹកជញ្ជូននៅកម្ពុជានឹងរងផលប៉ះពាល់ជាក់ជាមិនខាន។ សម្រាប់ប្រធានសមាគមរូបនេះ ដើម្បីអាចដោះស្រាយការចំណាយថ្លៃដើមខ្ពស់ អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនមានតែដំឡើងថ្លៃដឹកជញ្ជូនប៉ុណ្ណោះ ដើម្បីចៀសវាងខាតបង់ប៉ះពាល់ដល់ប្រតិបត្តិការរបស់ខ្លួន។
ក្នុងទិដ្ឋភាពសេដ្ឋកិច្ច លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចបានអះអាងថា នៅពេលប្រេងឡើងថ្លៃ វានឹងបង្កើតជាផលវិបាកជាខ្សែច្រវាក់ដល់ទំនិញគ្រប់មុខ។ លោកស្រីយល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នឱ្យពលរដ្ឋ និងអាជីវករ គួរកាត់បន្ថយការដឹកជញ្ជូនដែលមិនចាំបាច់ និងពន្យារពេលការធ្វើដំណើរឆ្ងាយៗជាបណ្ដោះអាសន្ន ដើម្បីសន្សំសំចៃថវិកា និងថាមពលក្នុងកាលៈទេសៈដ៏លំបាកនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៨-១០ ខែមីនា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៤,៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៥,១៥០រៀលក្នុងមួយលីត្រ។ ក្រសួងរ៉ែ និងថាមពលបានព្រមានថា ស្ថានីយប្រេងឥន្ធនៈអាចប្រឈមនឹងការដកអាជ្ញាបណ្ណប្រសិនបើធ្វើអាជីកម្មមិនត្រឹមត្រូវ ឬខុសច្បាប់៕
អត្ថបទ ៖ ជា ម៉ារ៉ា