ទីផ្សារមាស

ធនាគារអាម៉េរិក ដ៏ធំល្បីល្បាញ Goldman Sachs ព្យាករថា តម្លៃមាសនឹងហក់ឡើងថ្លៃដល់ ៦ពាន់ដុល្លារក្នុង១តម្លឹង


តម្លៃមាសនៅលើទីផ្សារអន្តរជាតិ គិតត្រឹមរសៀលថ្ងៃទី៤ ខែកញ្ញា នេះ ត្រូវបានជួញដូរក្នុងតម្លៃជាង៤ពាន់២រយដុល្លារក្នុង១តម្លឹង ហើយតម្លៃនេះវាអាចនឹងពុះកញ្ជ្រោលកើនឡើងយ៉ាងខ្លាំង ប្រសិនបើធនាគារកណ្តាលអាម៉េរិក ជួបបញ្ហានៃការធ្លាក់ចុះទំនុកចិត្តពីវិនិយោគិន និងបណ្តាប្រទេសផ្សេងៗ។
ទីផ្សារមាស
ដោយ

ធនាគារវិនិយោគដ៏ល្បីល្បាញរបស់អាម៉េរិក Goldman Sachs បានព្យាករថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ អាចនឹងហក់ឡើងថ្លៃរហូតដល់៦ពាន់ដុល្លារក្នុង១តម្លឹង ប្រសិនបើជំនឿទុកចិត្តពីអ្នកវិនិយោគលើធនាគារកណ្តាលអាម៉េរិក មានការធ្លាក់ចុះខ្លាំង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ធនាគារដ៏ធំល្បីល្បាញរបស់សហរដ្ឋអាម៉េរិក Goldman Sachs បានព្យាករតម្លៃមាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃនេះថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងថ្លៃរហូតដល់ទៅ ៦ពាន់ដុល្លារឯណោះក្នុង១តម្លឹង ប្រសិនបើការជឿទុកចិត្តលើធនាគារកណ្តាលអាម៉េរិក ត្រូវបានធ្លាក់ចុះ ហើយវានឹងធ្វើឱ្យវិនិយោគិនបាត់ជំនឿលើលុយដុល្លារ​ ហើយងាកទៅវិនិយោគលើមាសកាន់តែខ្លាំង។ ជុំវិញបញ្ហានេះ លោកស្រី សាម៉ាន់ថា ដាត (Samantha Dart) អ្នកវិភាគមួយរូបនៅធនាគារអាម៉េរិក Goldman Sachs បានគូសបញ្ជាក់ថា នេះមិនមែនជារឿងដែលកំពុងកើតឡើងទេ វាគ្រាន់តែជាសេណារីយ៉ូ ដែលអាចកើតឡើងក្នុងស្ថានភាពដ៏អាក្រក់ប៉ុណ្ណោះ។

អ្នកវិភាគទីផ្សារមាសរូបនេះអះអាងថា ប្រសិនបើស្ថិតក្នុងសេណារីយ៉ូអាក្រក់បែបនេះមែន នោះវានឹងជំរុញកំណើនអតិផរណាឱ្យស្ទុះឡើង ខណៈតម្លៃភាគហ៊ុននឹងធ្លាក់ចុះ រីឯមូលបត្របំណុលរយៈពេលវែងក៏នឹងរងគ្រោះធ្ងន់ធ្ងរ ហើយវានឹងជះផលប៉ះពាល់ដល់ទុនបម្រុងអន្តរជាតិផងដែរ។

បើយោងតាមកំណត់ត្រានៃការព្យាកររបស់ធនាគារយក្សអាម៉េរិក Goldman Sachs តម្លៃមាសនៅលើពិភពលោកអាចនឹងឡើងដល់​៤ពាន់៨រយដុល្លារនៅពាក់កណ្តាលឆ្នាំ ២០២៦ ប្រសិន​បើស្ថានភាពសេដ្ឋកិច្ចនៅតែមានស្ថានភាពដូចបច្ចុប្បន្ននេះ។ ហើយប្រសិនបើពិភពលោកបន្តស្ថិតនៅក្នុងស្ថានភាពស្រពេចស្រពិលបន្តទៀត នោះមាសត្រូវបានគេចាត់ទុកថា ជាឧបករណ៍នៃការជួញដូរ និង សន្សំដ៏មានស្ថិរភាពជាទីបំផុត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការនាំចេញកប្បាសរបស់អាម៉េរិក ទៅកាន់ចិន ធ្លាក់ចុះ៩០% ខណៈការនាំចេញមកកាន់វៀតណាម កើនជិត៣ដង

ការនាំចេញកប្បាសរបស់សហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៩០% នៅឆមាសទី១ ឆ្នាំ២០២៥ ខណៈដែលខ្សែច្រវាក់ផលិតកម្មសម្លៀក…

ឥណ្ឌូនេស៊ី កំពុងពិចារណាលុបចោលការលើកលែងពន្ធចំពោះការនាំចូលយានយន្តអគ្គិសនី

ប្រទេសឥណ្ឌូនេស៊ី កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការលុបចោលការលើកលែងពន្ធគយលើការនាំចូលយានយន្តអគ្គិសនីនៅចុងឆ្នាំ២០២៥។ ការពិចារណាលុបចោលការលើកលែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ