
ក្រុមអ្នកជំនាញបានវាយតម្លៃថា កំណើននាំចូលទំនិញពីថៃយ៉ាងគំហុកនេះ គឺដោយសារថៃ បានបង្វែរការដឹកជញ្ជូនទំនិញរបស់ខ្លួនពីផ្លូវគោលមកដឹកតាមផ្លូវទឹក ក្រោយច្រកទ្វារព្រំដែនគោករវាងប្រទេសទាំងពីរត្រូវបានបិទទាំងស្រុង ដោយសារជម្លោះព្រំដែន។ ប៉ុន្តែការដោះដូរពាណិជ្ជកម្មជារួមរវាងប្រទេសទាំងពីរនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សម្រេចបានទំហំទឹកប្រាក់ជាង២ពាន់៩រយលានដុល្លារ ធ្លាក់ចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា ការនាំចូលទំនិញពីថៃ មកកាន់ទីផ្សារកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការបិទច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ។ ជាក់ស្តែងនៅត្រីមាសទី៣ ឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃ មកកម្ពុជា មានរហូតដល់ជាង១ម៉ឺន៧ពាន់១៧៥ទូកុងតឺន័រ មានកើនឡើង៦១២,៣៦% បើធៀបនឹងត្រីមាសទី២ នៅក្នុងឆ្នាំដដែលនេះ។ ទំនិញនាំចូលពីថៃ ដែលមានការកើនឡើងខ្លាំងភាគច្រើនជាប្រភេទថ្នាំលាបផ្ទះ ឬអគារ ប្រេងម៉ាស៊ីន និងគ្រឿងយន្តជាដើម។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស កត់សម្គាល់ឃើញថា ចរន្តនាំចេញនាំចូលទំនិញតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិតជាមានភាពមមាញឹក និងមានការកើនឡើងខ្លាំងប្រាកដមែននៅមួយរយៈចុងក្រោយនេះ។ កំណើននេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចត្រូវបានជំរុញជាចម្បងដោយសារការបង្វែរការដឹកជញ្ជូនទំនិញរបស់ថៃ ពីផ្លូវគោកមកកាន់ផ្លូវទឹក ក្រោយប្រទេសទាំងពីរបិទច្រកព្រំដែនជាមួយគ្នា គួបផ្សំការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាទីផ្សារអន្តរជាតិ មានការកើនឡើងខ្លាំង។
មិនខុសគ្នានោះទេ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កំណើននាំចូលទំនិញពីថៃ របស់កម្ពុជា តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺត្រូវបានជំរុញដោយសារបិទច្រកព្រំដែនគោក។ តាមរយៈនេះ វាបានបង្ហាញឱ្យឃើញថា ការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរនៅមានកម្រិតនៅឡើយ។ នេះបើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ។
គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅ៩ខែ ឆ្នាំ២០២៥ សម្រេចបានទំហំទឹកប្រាក់ជាង២,៩០០លានដុល្លារ ធ្លាក់ចុះជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានទឹកប្រាក់ជាង៥៧៦លានដុល្លាធ្លាក់ចុះ១០,៧% ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ជាង២,៣០០លានដុល្លារ ធ្លាក់ចុះ៧,៦%។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា