យ៉ាងណាមិញ ទោះបីកម្ពុជា ទទួលរងសម្ពាធពន្ធចំនួន១៩% ពីសហរដ្ឋអាម៉េរិក ក៏ពិតមែន ប៉ុន្តែអ្នកជំនាញក្នុងវិស័យនេះ បានអះអាងថា ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ និងកាបូបរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៦ នៅតែបន្តមានកំណើនវិជ្ជមាន និងមានភាពប្រកួតប្រជែងខ្ពស់។
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការបញ្ជាទិញ និងការនាំចេញផលិតផលក្នុងវិស័យកាត់ដេរទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ នៅតែរក្សាបានកំណើនខ្ពស់ បើទោះបីរងសម្ពាធពន្ធគយ១៩% ពីអាម៉េរិកក៏ដោយ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា បញ្ហាពន្ធគយនេះ ក៏ពុំបានជះឥទ្ធិពលអវិជ្ជមានលើវិស័យកាត់ដេរកម្ពុជា នោះដែរ ពោលគឺការបញ្ជាទិញថ្មីនៅឆ្នាំនេះនៅតែបន្តមានកំណើនល្អប្រសើរ។
ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ កត់សម្គាល់ឃើញថា ការបញ្ជាទិញថ្មីនូវផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ជារួម នៅដើមឆ្នាំ២០២៦ គឺនៅតែទទួលបានជាហូរហែ ពោលគឺមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើធៀបនឹងឆ្នាំមុន ។ ប៉ុន្តែបើមើលនៅក្នុងផ្នែកផលិតផលសម្លៀកបំពាក់ អ្នកជំនាញរូបនេះសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះហាក់ខ្សត់ការងារមួយចំនួនសម្រាប់កម្មករកម្មការិនីធ្វើ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ទោះបីកម្ពុជា រងអត្រាពន្ធគយចំនួន១៩% ពីទីផ្សារអាម៉េរិកក៏ដោយ ប៉ុន្តែបញ្ហានេះពុំបានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា នោះទេ ខណៈការបង្វែរោងចក្រកាត់ដេរពីប្រទេសនានា ចូលមកកម្ពុជា ក៏មានច្រើនផងដែរនាពេលបច្ចុប្បន្ននេះ។
អនុវិស័យកាត់ដេរត្រូវបានក្រសួងសេដ្ឋកិច្ច ព្យាករថា នឹងបន្តរក្សាបានកំណើននៅក្នុងឆ្នាំ២០២៦ ទោះការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក អាចប្រឈមនឹងហានិភ័យនៃការថមថយតម្រូវការ ប៉ុន្តែនៅបន្តគាំទ្រដោយនិន្នាការវិជ្ជមាននៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ជាមួយចំនួនដូចជាសហភាពអឺរ៉ុប និងអាស៊ានជាដើម គួបផ្សំនឹងការពង្រឹងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែង ក៏ដូចជាចូលរួមបង្កើនតម្លៃបន្ថែមក្នុងអនុវិស័យនេះជារួម។ នៅក្នុងឆ្នាំ២០២៥ កម្ពុជា បាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ និងកាបូប មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងឆ្នាំ២០២៤៕