
តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការដាក់ចេញយុទ្ធនាការនេះ? ហើយទន្ទឹមនឹងដាក់ចេញយុទ្ធនាការនេះ តើរាជរដ្ឋាភិបាលគួរមានយន្តការបែបណាបន្ថែមទៀតឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រចំពោះយុទ្ធនាការបោសសម្អាតទីតាំងដែលមានសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលរដ្ឋាភិបាលកម្ពុជា ទើបដាក់ចេញថ្មីៗនេះ ព្រោះបញ្ហានេះវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងមុខមាត់របស់ប្រទេសជាតិ។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរនៅតែមានភាពចាំបាច់ក្នុងការចុះបង្ក្រាបទីតាំងឆបោកអនឡាញបានគ្រប់ពេលវេលា ដើម្បីបង្ការផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងបញ្ហានានា។ អ្នកជំនាញរូបនេះយល់ឃើញថា យុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញមានប្រសិទ្ធភាព ឬមិនមានប្រសិទ្ធភាព គឺអាស្រ័យលើភាពម៉ឺងម៉ាត់ក្នុងការអនុវត្តរបស់រាជរដ្ឋាភិបាល ពោលគឺបញ្ហានេះត្រូវអនុវត្តដោយគ្មានការយោគយល់ បើពុំដូច្នោះទេនឹងពុំអាចដោះស្រាយបញ្ហានេះបានឡើយ។
មិនខុសគ្នានោះទេ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគាំទ្រចំពោះយុទ្ធនាការបោសសម្អាតទីតាំងដែលមានអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ ហើយលោកសង្ឃឹមថា ចំណាត់ការនេះនឹងជួយស្តារមុខមាត់កម្ពុជា ឡើងវិញ និងឈានដល់ការដោះស្រាយបញ្ហាផ្សេងៗ ដែលជាមន្ទិលនាពេលកន្លងមក។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីឱ្យការអនុវត្តចំណាត់ការនេះទទួលបានប្រសិទ្ធភាព គឺទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវមានឆន្ទៈខ្ពស់ និងជៀសវាងការប្រព្រឹត្តអំពើពុករលួយ ហើយត្រូវអនុវត្តឱ្យមានតម្លាភាពដោយគ្មានការលើកលែង។ បន្ថែមពីនេះ រដ្ឋាភិបាល ត្រូវកៀរគរធនធានមនុស្សដែលមានការយល់ដឹងផ្នែកបច្ចេកវិទ្យា ដើម្បីសម្រួលដល់ការស្រាវជ្រាវ និងអនុវត្តក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាគ្រប់រូបភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោយសង្កេតឃើញបច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់ ក៏ដូចជាកម្ពុជា ហើយក្នុងនោះក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ការដាក់ចេញយុទ្ធនាការនេះ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕
អត្ថបទ៖ បូ ដូឡា